(ភ្នំពេញ)៖ ស្ថានតំណាងកម្ពុជានៅប្រទេសចិន និងប្រទេសឥណ្ឌូនេស៊ី បានជួយអន្តរាគមន៍ ដល់ពលរដ្ឋខ្មែរចំនួន៤នាក់ឲ្យត្រឡប់មក ស្រុកកំណើតវិញ ក្រោយពីបានចាញ់ បោកមេខ្យល់ បញ្ឆោតនាំទៅរៀបការខុសច្បាប់ និងធ្វើការខុសច្បាប់។ នេះបើយោងតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិនបានអន្តរាគមន៍ រៀបចំមាតុភូមិនិវត្តន៍ របស់ស្រ្តីខ្មែរ៣នាក់ ដូចមានរាយនាមខាងក្រោម តាមសំណើសុំរបស់សាម៉ីខ្លួន ដែលត្រូវបានមេខ្យល់បញ្ឆោត នាំទៅរៀបការខុសច្បាប់នៅប្រទេសចិន ហើយរស់នៅមិនចុះសម្រុងជាមួយគ្រួសារ៖ ទី១៖ ឈ្មោះ ស.ស.ភ អាយុ២១ឆ្នាំ មកពីស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានមេខ្យល់នាំធ្វើដំណើរ តាមយន្តហោះពីភ្នំពេញ ដល់ទីក្រុងក្វាងចូវ នៅថ្ងៃ១៩ មេសា ២០១៣ និងរៀបការជាមួយបុរសជនជាតិចិននៅខេត្តជាំងស៊ី ទី២៖ ឈ្មោះ អ.រ.ថ អាយុ២៧ឆ្នាំ មកពីស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានមេខ្យល់ នាំធ្វើដំណើរ តាមយន្តហោះពីភ្នំពេញ ដល់ទីក្រុងក្វាងចូវ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីរៀបការជាមួយបុរសជនជាតិចិន នៅខេត្តអានហួយ ទី៣៖ ឈ្មោះ វ.ធ.ត អាយុ២១ឆ្នាំ មកពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ត្រូវបានមេខ្យល់នាំឆ្លងដែន កាត់តាមប្រទេស វៀតណាម ចូលប្រទេសចិនដោយខុសច្បាប់ និងរៀបការ ជាមួយបុរសជនជាតិចិននៅខេត្តជាំងស៊ី។

លោក ជុំ សុន្ទរី បានបន្ដថា ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ អាហារបរិភោគ សម្ភារប្រើប្រាស់ និងរៀបចំឯកសារធ្វើដំណើរដល់ ស្រ្តីខ្មែរទាំង៣នាក់ ហើយពួកគេនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ស្អែកនេះ វេលាម៉ោង ២៣៖១៥នាទី តាមជើងយន្តហោះMU 759។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងទៀតថា ដោយឡែក ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានរៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ម្នាក់ឈ្មោះ រី ធា អាយុ៤២ឆ្នាំ មកពីស្រុកដងទង់ ខេត្តកោះកុង ជាកម្មករលើ ទូកនេសាទថៃ ដែលត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីឃាត់ខ្លួនជាមួយនឹងកម្មករផ្សេងទៀត នៅពេលទូកនោះចូលនេសាទក្នុងដែនទឹកឥណ្ឌូនេស៊ី កាលពីខែមករា ឆ្នាំ២០១៥ ហើយបានស្នាក់នៅបណ្តោះអាសន្នក្នុងមជ្ឈមណ្ឌលគ្រប់គ្រងជនអន្តោប្រវេសន៍ Tangjungpinang នៃប្រទេសឥណ្ឌូនេស៊ី។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ស្ថានទូតបានចេញលិខិតធ្វើដំណើរជូន ហើយពលរដ្ឋខ្មែររូបនេះបានមកដល់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញហើយ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧៖៣៥នាទី តាមជើងយន្តហោះMH762៕