(ភ្នំពេញ)៖ ​លោក ​សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ​មាន​ផែនការ​ប្រែក្លាយ​តំបន់​ឧទ្យានជាតិ ​ដែនជម្រកសត្វព្រៃ​ជាគោល​​ដៅ​ទេសចរណ៍ ​តំបន់​លំហែកាយ​ដើម្បី​បង្កើន ​និង​លើកស្ទួយ​ជីវភាព​ប្រជា​សហគមន៍ ​ដែល​នេះ​គឺជា​យុទ្ធសាស្ត្រ​នៃ​ការ​ការពារ​ធនធាន​ធម្មជាតិ​រយៈពេល​យូរអង្វែង​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់ ​Fresh ​News ​នៅ​ថ្ងៃទី២៨ ​ខែកក្កដា ​នេះ​ថា​ដោយ​ពន្យល់​ថា៖ ​«​នៅពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅកាន់​តំបន់​អភិរក្ស ​ឬ​សហគមន៍ ​ព្រៃឈើ​នោះ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ​នឹង​ទទួល​បាន​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដោយ​គាត់​បាន​ក្លាយជា​អ្នកនាំ​ផ្លូវ ​អ្នកផ្គត់ផ្គង់​ម្ហូបអាហារ​បាយទឹក ​និង​អា​ហារ​ផ្សេង​ៗ​ជូន​ដល់​ភ្ញៀវ​ទេសចរ​។ ​ពលរដ្ឋ​សហគមន៍​នឹង​លែង​ចូល​កាប់ព្រៃ ​ហើយ​បែរមក​ថែរក្សា​ព្រៃឈើ​ជំនួស​វិញ​ព្រោះ​ក្រៅពី​ទទួល​បាន​ចំណូល​ពី ​ភ្ញៀវ​ទេសចរ ​ពលរដ្ឋ​ក្នុង​សហគមន៍​ផ្ទាល់​នៅតែ​អាច​រក​អនុផល​ព្រៃឈើ​បន្ថែម​ទៀត ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​»​

រដ្ឋមន្រ្តីវ័យក្មេង ជំនាញបរិស្ថានបានសង្កត់ធ្ងន់ថា៖ «នេះគឺជាការប្រែក្លាយជីវភាពរបស់ប្រជាពលរដ្ឋ នៅសហគមន៍យ៉ាងពិតប្រាកដ និងជាការថែរក្សាបាននូវធនធាន ធម្មជាតិដែលស្របទៅតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រដ្ឋាភិបាល»។ ជាមួយគ្នាលោក សាយ សំអាល់ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ធ្វើដំណើរកំសាន្តទៅកាន់តំបន់ការពារធម្មជាតិនានា នៅក្នុងប្រទេសកម្ពុជាដើម្បីបានឃើញសម្រស់ព្រៃឈើកម្ពុជាដោយផ្ទាល់។ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ដើម្បីការពារព្រៃឱ្យនៅគង់វង្សនោះ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលបច្ចុប្បន្នសុទ្ធសឹងតែជាអ្នកស្វែងរកដំណើរកំសាន្តចុងសប្តាហ៍ គួរតែធ្វើដំណើរទៅកាន់តំបន់ អភិរក្ស សហគមន៍ព្រៃឈើ ឬតំបន់បេតិកភណ្ឌធម្មជាតិនៅក្នុងប្រទេសដែលជាតំបន់សក្តានុពលទេសចរណ៍។

សូមបញ្ជាក់ថា កម្ពុជាមានផ្ទៃដីព្រៃការពារប្រមាណ៧, ៥ លានហិកតាដែលមានសហគមន៍ព្រៃឈើចំនួន១៥០សហគមន៍ និងតំបន់ការពារធម្មជាតិចំនួន៤៦កន្លែង ដែលកំពុងរង់ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តំបន់ធម្មជាតិទាំងនោះដូចជាតំបន់ទេសចរណ៍ធម្មជាតិជីផាត់ គីរីរម្យ ចំបក់ តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និង តំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ជាដើម៕