(ភ្នំពេញ)៖ កូនសត្វត្រដក់ធំដែលជាប្រភេទរងគ្រោះជិតផុតពូជនៅលើសកលលោក បានញាស់ដោយជោគជ័យចេញពី សំបុកចំនួន១៧៥ នៅក្នុងតំបន់រ៉ាមសារព្រែកទាល់ និងបានចាកចេញពីសំបុកទៅកាន់ទីជម្រកធម្មជាតិនានានៅ ក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងបរិស្ថាន ។

សំបុកត្រដក់ធំទាំងអស់នោះ ទទួលបានការការពារ យ៉ាងល្អសម្រាប់រយៈពេល៦ខែកន្លងទៅនេះ ពីសំណាក់ ក្រុមមន្ត្រីឧទ្យានុរក្ស របស់ក្រសួងបរិស្ថាន ប្រជាជនរស់នៅភូមិព្រែកទាល់ និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ ត្រដក់ធំ គឺជាប្រភេទត្រដក់មានមាឌធំ ជាងគេបង្អស់ និងមានកម្ពស់​រហូតដល់១.៥ម៉ែត្រ។ ពួកវាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះជិតផុតពូជ នៅលើសាកលលោក។

សូមបញ្ជាក់ថា សត្វត្រដក់ធំពេញវ័យ​ចំនួន៨០០-១០០០ក្បាលប៉ុណ្ណោះ កំពុងរស់នៅលើពិភពលោក។ ក្នុងនោះ​ដែរ សត្វត្រដក់ធំចំនួន១៥០-២០០គូ រស់នៅក្នុងតំបន់រ៉ាមសារព្រែកទាល់​ ដែលជាបន្ទាយពងកូនចុងក្រោយគេបង្អស់សម្រាប់តំបន់អាស៊ីអាគ្នេយ៍៕