(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជា​ផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានធ្វើការបង្ក្រាបករណីគ្រឿងញៀន២ទីតាំង ដោយឃាត់ខ្លួនបានជនសង្ស័យ១៣នាក់ និងដកហូតថ្នាំញៀនមួយចំនួន។

មន្ដ្រីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ទីតាំងទី១​បង្ក្រាបនៅ​ផ្ទះសំណាក់ ភារ៉ារត្ន័ សង្កាត់លេខ​០២ ក្រុង​ព្រះសីហនុ ដោយឃាត់បានជនសង្ស័យ៤នាក់ឈ្មោះ អ៊ាម សុវណ្ណារ៉ា អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់, ឈ្មោះ ឆយ ហេង អាយុ​១៩​ឆ្នាំ មុខរបរ​មិនពិតប្រាកដ, ឈ្មោះ ប៊ុន រស្មី អាយុ​២២​ឆ្នាំ មុខរបរ​មិនពិតប្រាកដ និងឈ្មោះ គីម ស្រីរត្ន័ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិកកាស៊ីណូ និងថ្នាំញៀន៦កញ្ចប់ ទូរស័ព្ទ​៣​គ្រឿង។ ដោយឡែកទីតាំងទី២​នៅម្តុំក្លឹប អិលវី សង្កាត់លេខ៤ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាប្រើប្រាស់បាន៩នាក់ ​ដកហូតបាន​ទូរស័ព្ទ​០៣​គ្រឿង និងម៉ូតូ​០២​គ្រឿង។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១៣នាក់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕