(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយទឹកប្រាក់ជិត២០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការថែទាំ និងជួសជុលផ្លូវថ្នល់ ហើយការចំណាយទឹកប្រាក់ច្រើនបែបនេះ ក៏ដោយសារតែកម្ពុជាមានផ្លូវថ្នល់ច្រើន។

ការបញ្ជាក់បែបនេះ របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក្នុងឱកាសអញ្ជើញបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាភ្នំពេញថ្មី) ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវ១៩២៨ ឧកញ៉ាម៉ុងរិទ្ធី ភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «ការជួសជុលថែទាំផ្លូវក្នុងមួយឆ្នាំៗ យើងប្រើថវិកាជិត២០០លានដុល្លារសហរដ្ឋអាមេរិក ដោយសារផ្លូវយើងវាច្រើន ពីដើមតិចតែឥឡូវផ្លូវច្រើនទៅៗ ដូច្នេះយើងត្រូវថែទាំច្រើនទៅៗ»

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ក្រីក៏បានអំពាវនាវទៅម្ចាស់យានយន្តទាំងអស់ដែលដឹកលើសចំណុះ មេត្តាជួយថែទាំផ្លូវជាតិ ហើយកុំដឹកទំនិញហួសកំណត់ខុសពីច្បាប់ ដែលបានកំណត់ កត្តាទាំងនេះហើយដែលធ្វើឲ្យផ្លួវ ឆាប់រិចរិល ឆាប់ខូច ដែលធ្វើឲ្យខាតបង់ថវិការជាតិផងដែរ៕