(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី អភិបាលរងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ ស្តីពី​ការលុបបំបាត់នូវអំពើពុករលួយ ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ​ឆ្នាំ២០១៧នេះ​។

លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ដើម្បីឲ្យដំណើរ​នៃការប្រឡងមធ្យមសិក្សាទុយតិភូមិ ដែលនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ២០១៧​ខាងមុខនេះ កាន់តែមានប្រសិទ្ធិភាព តម្លាភាព និងគុណភាពនោះ ក្នុងនាមជាអាជ្ញាធរខេត្តនឹងធ្វើការទប់ស្កាត់ ត្រៀមទុកជាមុននូវរាល់ ភាពមិនប្រក្រត្រីដូចជា ធ្វើការលុបបំបាត់នូវរាល់អំពើទាំងឡាយណាដែលអាចជះ ឥទ្ធិពលដល់ដំណើរការ នៃការប្រឡងរបស់សិស្សានុសិស្ស។

លោកស្រី ក៏បញ្ជាក់វិធានការទាំងនោះរួមមាន ធ្វើលិខិតជូនដំណឹង និងផ្សព្វផ្សាយជាមុនដល់ ម្ចាស់សហគ្រាស អាជីវករលក់ដូរនៅមុខសាលា ដែលជាមណ្ឌលប្រឡង ផ្អាកការលក់ដូរក្នុងរយៈនៃការប្រឡង, ផ្អាកបណ្ណាគារ Photo Copy មុនមួយថ្ងៃ នៃការប្រឡង, ដាក់កងកម្លាំងយាមល្បាត នៅជុំវិញបរិវេណ នៃមណ្ឌលប្រឡង, ការផ្ញើយាន្តជំនិះត្រូវប្រគល់ឲ្យ សហភាពសហព័ន្ធកម្ពុជាខេត្តកំពង់ធំ ជាអ្នកទទួលខុសត្រូវគ្រប់មណ្ឌល និងធ្វើការជូនដំណឹងដល់បេក្ខជនប្រឡងទាំងអស់ មិនឲ្យយកជាប់ខ្លួននូវរាល់ឯកសារ ទូរស័ព្ទដៃ នាឡិកា ដែលមានមានការទាក់ទងបាន (Smart Watch) ដែលធ្វើឲ្យមានការខុស ឆ្គងក្នុងលក្ខខណ្ឌនៃការប្រឡង។

អភិបាលរងរូបនេះ បានអំពាវនាវ និងទទូចឲ្យបន្តភាពសហការ​រវាង អង្គភាពប្រឆាំងអំពើពុករលួយ អង្គការសង្គមស៊ីវិល សហគមន៍ អង្គការក្រៅរដ្ឋាភិបាល គណៈវិជ្ជាជីវៈ វិស័យឯកជន សហគ្រាសក្រុមហ៊ុន គណៈមេប្រយោគ និងបុគ្គលឯកជន ស្ម័គ្រចិត្ត ក្រុមគ្រូពេទ្យទាំងអស់ គោរពនូវក្រមសីលធម៌ និងលក្ខន្តិកៈនៃដំណើរការ ប្រឡងមធ្យមសិក្សាទុតិយភូមិទាំងអស់គ្នា ដើម្បីបន្តភាពជោគជ័យ ប្រកបដោយ សេចក្ដីសុខសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ ក្នុងការអនុវត្តស្រមតាមពាក្យស្លោក «អ្នកចេះគឺជាប់»៕