(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូខេត្ត ចុះត្រួតពិនិត្យ​ពីវឌ្ឍនភាព នៃកិច្ចអភិវឌ្ឍន៍របស់ភូមិ ឃុំសង្កាត់ នៅ​សង្កាត់ចុងឃ្នៀស និង​សង្កាត់សៀមរាប ក្រុងសៀមរាប​។

បើតាមការលើកឡើង​របស់ លោកចៅសង្កាត់ចុងឃ្នៀស ​​ប្រជាពលរដ្ឋនៅតំបន់ចុងឃ្នៀស ភាគច្រើន​ជាប្រជានេសាទ ដែលរស់នៅលើភូមិបណ្តែតទឹក ដោយតម្រូវការរបស់ប្រជាជន គឺឲ្យអាជ្ញាធរបានផ្តល់នូវដីសម្រាប់​ឲ្យបងប្អូនសាងសង់លំនៅដ្ឋាន និង​ដាំដុះដំណាំនៅរដូវប្រាំង ហើយនៅរដូវវស្សាបងប្អូនក៏រស់នៅលើទឹកដដែល ដោយបងប្អូនគ្មានលទ្ធភាព ចាក់ដីបំពេញដីភូមិរបស់ខ្លូន​។

​ប្រជាពលរដ្ឋ​ដែលជាជនជាតិខ្មែរឥស្លាម បានសំណូមសុំឲ្យជួយចាក់ដីបំពេញទីធ្លាសាលារៀន ដើម្បីសិស្សានុសិស្ស មានទីធ្លាលេងកម្សាន្ត និង​ដាក់ទុកកង់ ព្រមទាំងសូមកុំឲ្យរថយន្តដឹកដីធំៗ បើកបរលឿនៗ ដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ សំខាន់សិស្ស​សាលា និង​ធ្វើឲ្យដីធ្លាក់ប្រឡាក់ផ្លូវ ធ្វើឲ្យប៉ះពាល់បរិស្ថាន អនាម័យ និង​សុខភាពប្រជាពលរដ្ឋផងដែរ​។

ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំដល់លោកចៅសង្កាត់ ក៏ដូចប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់​អំពីបញ្ហាបរិស្ថាន អនាម័យនៅក្នុងភូមិ សំខាន់នៅតំបន់ចុងឃ្នៀសទាំងមូល​ដែលជារមណីយដ្ឋានធម្មជាតិ ប្រកប​ទៅដោយព្រៃលិចទឹក ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ភូមិបណ្តែតទឹក បឹងទន្លេសាប​។

អភិបាលខេត្តក៏បានឆ្លើយតបទៅរាល់សំណូមពររបស់ប្រជាពលរដ្ឋ និង​លោកចៅសង្កាត់ អំពីបញ្ហាតម្លៃការប្រើប្រាស់ភ្លើងអគ្គិសនី នៅតំបន់ចុងឃ្នៀស ត្រូវបានប្រគល់កិច្ចការនេះ ជូនអាជ្ញាធរក្រុង ដើម្បីធ្វើកិច្ចពិភាក្សាជាមួយក្រុមហ៊ុនអគ្គិសនី ក្នុងការសម្រួលតម្លៃភ្លើងប្រើប្រាស់ ឲ្យបានសម​ស្របដែលប្រជាពលរដ្ឋអាចទទួលយកបាន​។ បន្ថែមពីនេះលោក ឃឹម ប៊ុនសុង ​បានចុះពិនិត្យមើលពីស្ថានភាពផ្លូវ ក្នុងភូមិ និង​ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងមក​នេះ និងដើម្បីធ្វើការសិក្សាអំពីស្ថានភាពផ្លូវក្នុងភូមិចុងឃ្នៀស តើត្រូវស្ថាបនាទៅតាមរបៀបណា ក្នុងការបញ្ជៀស​នូវការលិចទឹកនៅរដូវវស្សា ពីព្រោះថា ភូមិដ្ឋានបងប្អូនរស់នៅ គឺស្ថិតជាប់នឹងបឹងទន្លេសាប​។

លោក​បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្នុងមូលដ្ឋាននេះ ​ចាំបាច់ត្រូវទាមទារការសិក្សាឲ្យ​បានល្អិតល្អន់ ដើមី្បជៀសវាងកុំឲ្យមានការខាតបង់ថវិការបស់រដ្ឋ ដោយឡែកបញ្ហារថយន្តធំៗដឹកដី ដែលធ្វើឲ្យប៉ះពាល់បរិស្ថាន អនាម័យ និង​សុខភាពប្រជាជន លោកក៏សុំឲ្យមន្ទីរជំនាញ និង​សមត្ថកិច្ចពាក់ព័ន្ធ រួមសហការគ្នា​មានវិធានការចំពោះបញ្ហានេះ ដោយធ្វើការណែនាំដល់ក្រុមហ៊ុន និង​ធ្វើការអប់រំដល់អ្នកបើកបរទៀតផង​។  

ដោយស្ថានភាពអាកាសធាតុ មានការប្រែប្រួលផងនោះ លោកអភិបាលខេត្ត បានបញ្ជាក់ប្រាប់ថា ទោះបីនៅតាមបណ្តាខេត្តជិតខាង ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ អាជ្ញាធរខេត្តសៀមរាប ក៏ដូចគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានត្រៀមលក្ខណៈរួចជាស្រេច ក្នុង ការចុះជួយអន្តរាគមន៍ បើមានកើតឡើង​។ ក្នុងរយៈពេលកន្លងមកខេត្តសៀមរាប ក៏តែងទទួលរងគ្រោះដោយ ជំនន់ទឹកភ្ញៀង តែដោយកិច្ចសហការល្អជាមួយអាជ្ញាធរអប្សរា ដែលបានបើកផ្លូវទឹក ដើម្បីបញ្ជៀសការលិចលង់ ក្រុងសៀមរាប មានរយៈពេល៣ឆ្នាំមកហើយ ចំពោះការលិចនៅតាមផ្លូវក្នុងក្រុង ដោយប្រព័ន្ធលូក្រោមដីហូរមិន​ទាន់​។​

ដោយឡែកអភិបាលខេត្ត ក៏បានបញ្ជាក់ពីគម្រោងស្តារស្ទឹងសៀមរាប និង​ប្រឡាយនោះ ចំពោះរាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ត្រូវបានក្រសួងហិរញ្ញវត្ថុដោះស្រាយបានរួចរាល់ នៅសល់តែ​៥%​ប៉ុណ្ណោះដែលក្រសួងនៅធ្វើការចរចារ ដោយពួកគាត់សុំនៅទីតាំងចាស់ ក្រោយពេលវាស់កាត់ដីចំណីស្ទឹង និង​ប្រឡាយរួច ហើយក្រសួងធនធានទឹក នឹងចាប់ផ្តើមស្តារនៅពេលឆាប់ៗ ហើយចំពោះអ្នកដែរនៅសល់​គឺធ្វើការ ចរចារបន្ថែម ហើយក៏មិនអាចប្រឆាំងនឹងច្បាប់បានផងដែរ​។ អភិបាលខេត្ត បានសម្រេចផ្ដល់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលជាតម្រូវការចំបាច់សម្រាប់ពួកគាត់ ហើយលោកក៏បន្ដ​ជួបបងប្អូនប្រជាពលរដ្ឋក្រីក្រទៅតាមខ្នងផ្ទះ ប្រមាណជាង​១០០​គ្រួសារ ព្រមទាំងបានផ្តល់ថវិកាមួយចំនួន​ផងដែរ​៕