(កំពង់ចាម)៖ កងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការអាវុធហត្ថខេត្ត បានបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង ដោយដកហូតបានថ្នាំ៤០កញ្ចប់ ហើយត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដោយកម្លាំងអាវុធហត្ថខេត្ត សហការជាមួយ​កម្លាំងមូលដ្ឋាន​អាវុធហត្ថ​ស្រុកកងមាស នៅចំណុចភូមិ​ពាមជីកង ឃុំពាមជីកង ស្រុកកងមាស​។

លោកមេបញ្ជាការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ៣នាក់​ ទី១៖ឈ្មោះ ផាត គីមឈែ អាយុ១៧ឆ្នាំ មុខរបរសិស្ស, ទី២ឈ្មោះ ម៉ុង បូរី អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ ថុល លីហេង អាយុ២៣ឆ្នាំ ក្នុងនោះដកហូតបាន​ ម្សៅក្រាមពណ៌សថ្លា ចំនួន៤០កញ្ចប់ (ធំ០៥កញ្ចប់ តូច៣៥កញ្ចប់), ទូរសព្ទ័ដៃចំនួន០៦គ្រឿង និងឧបករណ៍​ប្រើប្រាស់ ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន៕