(ភ្នំពេញ)៖ ក្រោយទទួលបានផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក កៅ ខុនដារ៉ា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រគល់សម្ភារៈប្រើប្រាស់ពាក់ព័ន្ធ នឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនមន្ដ្រីជំនាញនៅតាមបណ្ដាខេត្តនានា។

​ឧបករណ៍ និងសម្ភារដែលលោក កៅ ខុនដារ៉ា ប្រគល់ជូននេះជាជំនួយបន្ថែម នៃគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ថៃ ស្ដីពីត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៦ ដែលក្នុងនោះរូមមាន កុំព្យួទរ័​លើតុ​ចំនួន៧, អាគុយ​​ចំនួន៧,​ ម៉ាស៊ីនព្រីន​ធ័រ​ចំនួន៧,​ ទូរសព្ទ័​ និងទូរសារ​ចំនួន៦, ទូកប្រដេញ​​០១,​ វិទ្យុទាក់ទង​មេ​ចំនួន៦,​ វិទ្យុទាក់ទង​កាន់ដៃ​៣០,​ ប្រដាប់ថតសម្លេង​ចំនួន៦,​ កាមេរ៉ា​ថតរូបចំនួន​៦,​ កែវយិត​មើលពេលយប់​ថ្ងៃចំនួន៦, ទូរក្លាសេ​សារធាតុគីមីចំនួន​១,​ តេស្តរកសារធាតុញៀន​៥,០០០,​ តេសសារធាតុញៀនក្នុងទឹកមូត៥,០០០,​ ជញ្ជីងថ្លឹងគ្រឿងញៀន​​ចំនួន១៦។

លោកបានប្រគល់ជូន​តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​​បាត់ដំបង​ កោះកុង​ ព្រះវិហារ​​ ឧត្តរមានជ័យ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ កែប​ កំពត​ កំពង់ស្ពឺ​ កណ្តាល​ កំពង់ឆ្នាំង​ រតនគីរី​ កំពង់ចាម​ ក្រចេះ​ ប៉ៃលិន​។

ក្នុងឱកាសនោះ លោក​ កៅ​ ខុនដារ៉ា​ បានបញ្ជាក់ថា សម្ភារទាំងអស់នេះ​ គឺជាជំនួយពីក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ​ ក្នុងការរួមចំណែក ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ហើយជាផ្នែកមួយ នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ​។

បន្ថែមពីនេះ ​លោកបានថ្លែងកោតសសើរដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានខិតខំទប់ស្កាត់បទល្មើស ​គ្រឿងញៀនឆ្លងកាត់ព្រំដែន​ ដោយ​លោកនឹងជម្រុញការអនុវត្តគម្រោងភូមិស គ្មានគ្រឿងញៀន នៅតាមបណ្តោយព្រំដែនប្រទេសកម្ពុជា-ឡាវ កម្ពុជា-ថៃ ដើម្បីជាជញ្ជាំងទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន។

ជាមួយគ្នានេះ​ លោក កៅ​ ខុនដារ៉ា​ បានណែនាំដល់ស្ថាប័ន​ ​អង្គភាព​ អនុវត្ត​ច្បាប់​ ដែលទើបទទួលសម្ភារៈ ត្រូវខិតខំ​ប្រើប្រាស់ឲ្យចំគោលដៅ​ និងមានប្រសិទ្ធភាព​ ព្រមទាំងទទួលខុសត្រូវ ក្នុងការថែរក្សាសម្ភារៈទាំងអស់នេះ​ ឲ្យ​បានយូរអង្វែង៕