(ភ្នំពេញ)៖ កម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការជំរុញ និងការពារការវិនិយោគទៅវិញទៅមក ដែលរៀបចំឡើយនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ការចុះកិច្ចព្រមព្រៀងទ្វេភាគីនេះ ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគី សហភាពអារ៉ាប់អេមីរ៉េត ចុះហត្ថលេខាដោយ លោក សាយអ៉ីហ្វ អាលសាមស៉ី ឯកអគ្គរដ្ឋទូតសហភាពអារ៉ាប់អេមីរ៉េត ប្រចាំកម្ពុជា ដែលមាននិវាសនដ្ឋាននៅទីក្រុងបាងកក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ប្រទេសទាំង២បានចាប់ផ្តើម ចរចាលើកិច្ចព្រមព្រៀងនេះ តាំងពីខែកុម្ភៈ ឆ្នាំ២០១៣ ដោយបានឆ្លងកាត់កិច្ចពិភាក្សាជាច្រើនលើក មុននឹងឈានដល់ការចុះហត្ថលេខាថ្ងៃនេះ។ កិច្ចព្រមព្រៀងនេះ មានគោលដៅជំរុញលំំហូរទុនវិនិយោគទៅប្រទេសទាំង២ ជាពិសេសលំហូរវិនិយោគ ពីសហភាពអារ៉ាប់អេមីរ៉េត មកម្ពុជា តាមរយៈការផ្តល់នូវការធានា និងកិច្ចការពារចំពោះអ្នកវិនិយោគ និងការវិនិយោគរបស់សហភាពអារ៉ាប់អេមីរ៉េត នៅកម្ពុជា។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គិតសរុបទាំងកិច្ចព្រមព្រៀងនេះ កម្ពុជា បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការជំរុញ និងការការពារវិនិយោគទៅវិញទៅមកបានចំនួន២៨ ដោយកិច្ចព្រមព្រៀងទាំងនេះ គឺជាឧបករណ៍សំខាន់មួយ ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ដោយសារជាលិខិតូបករណ៍ មានស្តង់ដារអន្តរជាតិ ក្នុងការធានាជូនអ្នកវិនិយោគបរទេស និងការវិនិយោគរបស់គេ នូវប្រព្រឹត្តិកម្មដោយមិនរើសអើង ពោលគឺផ្តល់ជូននូវប្រព្រឹត្តិកម្មស្មើគ្នា ចំពោះអ្នកវិនិយោគជាជនជាតិកម្ពុជា និងអ្នកវិនិយោគសញ្ជាតិបរទេស និងរវាងអ្នកវិនិយោគសញ្ជាតិបរទេសនានា ដោយមិនផ្តល់ភាពជាសំខាន់ តែទៅលើប្រទេសណាមួយ ពោល គឺជាការផ្តល់នូវការធានាបន្ថែមលើច្បាប់ជាតិ ស្តីពីវិនិយោគដែលមានស្រាប់។

បច្ចុប្បន្ននេះ សហភាពអារ៉ាប់អេមីរ៉េត បាននិងកំពុងវិនិយោគលើវិស័យអាកាសចរ ដោយក្រុមហ៊ុនអាកាសចរ Emirates ដែលបានបើកសាខាក្រុមហ៊ុនរបស់ខ្លួន នៅកម្ពុជា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧កន្លងទៅ ហើយបាននិងកំពុងប្រតិបត្តិការហោះហើរដោយត្រង់ទៅមករវាងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិ ក្រុងឌូបៃជារៀងរាល់ថ្ងៃ៕