(ភ្នំពេញ)៖ នគរបាលខណ្ឌឫស្សីកែវ បានបន្តប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានថ្នាំញៀន៣៣កញ្ចប់តូច-ធំ ជញ្ជីងថ្លឹង២ និងកាំភ្លើងកែច្នៃ២ដើម នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ១៥ដេ ផ្លូវបេតុង ក្រុម៤ ភូមិខ(១) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនឈានទៅដល់បើកកិច្ចសហប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ជា ចាន់រិទ្ធី ភេទប្រុស អាយុ២៧ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៥ដេ ផ្លូវបេតុង ក្រុម៤ ភូមិខ(១) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដោយបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតកំណត់បានពីអត្តសញ្ញាណ ពេលវេលា និងទីតាំង ដែលជនសង្ស័យស្នាក់នៅ និងសម្ងំធ្វើសកម្មភាព ចរាចរគ្រឿងញៀន ទើបឈានដល់ការឆែកឆេរបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន ៣៣កញ្ចប់ ដោយក្នុងនោះមាន ១កញ្ចប់ធំ ជញ្ជីងថ្លឹងចំនួន ២គ្រឿង ដាវកែច្នៃចំនួន២ដើម និងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមនឹងវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានបញ្ជូនមកឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតវិធី៕