(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានប្រាប់ឲ្យប្រជាពលរដ្ឋ ជួយរាយការណ៍ជាបន្ទាន់ភ្លាមៗ មកកាន់មេភូមិ ឫចៅសង្កាត់ ពេលជួបគ្រោះអាសន្នផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ពិសេស ចំពោះប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការលេចលង់ពីជុំនន់ទឹកទន្លេសាប អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីឲ្យអាជ្ញាធរមានវិធានការ បន្តជួយសង្គ្រោះឲ្យទាន់ពេលវេលា។

លោក ជា ពិសី លើកឡើងបែបនេះក្នុងពេលចុះទៅសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលកំពុងរងគ្រោះ ដោយលិចលង់ពីជុំនន់ទឹកទន្លេសាប និងបានពាំនាំគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ដែលជាអំណោយមនុស្សធម៌ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនតាមគ្រួសារនីមួយៗ ក្នុងការជួយដោះស្រាយសម្រាលទុក្ខលំបាកផ្សេងៗ បានមួយចំនួន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅត្រង់ចំណុចជួរមាត់ទន្លេ ស្ថិតក្នុងក្រុម៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ រួមជាមួយមន្ត្រីក្រោមឱវាទ សាលាខណ្ឌ-សង្កាត់ ក្រុមយុវជន ស.ស.យ.ក និងយុវជន អ.ម.ត ជាច្រើននាក់ផងដែរ។

ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ លោក ជា ពិសី បានថ្លែងថា ដោយមានការផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងយកចិត្តទុក្ខដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ក្នុងនោះប្រជាពលរដ្ឋចំនួន៣០គ្រួសារ ដែលកំពុងជួបគ្រោះមហន្តរាយ លិចលង់ពីជំនន់ទឹកទន្លេសាបឡើងខ្ពស់ និងទទួលបានការឧបត្ថម្ភជួយសង្គ្រោះភ្លាមៗ ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដោយផ្ដល់ជាថវិកា ក្នុង១គ្រួសារ២ម៉ឺនរៀល អង្ករ១០គីឡូក្រាម ជាមួយនិងតែ ស្កសរ ទឹកដោះគោ ត្រីខ និងទឹកក្រូចផងដែរ ក្នុងការជួយសម្រាលដោះស្រាយបញ្ហា លើជីវភាពរស់នៅប្រចាំថ្ងៃជូនប្រជាពលរដ្ឋ តាមគ្រួសារនីមួយៗបានមួយចំនួន។

លោក ជា ពិសី ថ្លែងបន្តថា «សូមឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយច្រាំងទន្លេសាបទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជារដូវទឹកឡើង ហើយទឹកក៍កំពុងបន្តឡើងជាបន្តបន្ទាប់ ពិសេសដាច់ខាត ត្រូវជួយរាយការណ៍ភ្លាមៗមកកាន់មេភូមិ ឫចៅសង្កាត់ ដែលនៅក្បែរយើង លើបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមានឡើងដោយចៃដន្យ ដើម្បីឲ្យអាជ្ញាធរ រិះរកដំណោះស្រាយ ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា ដោយស្របទៅតាមការដឹកនាំដ៍ត្រឹមត្រូវឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន»៕