(ភ្នំពេញ)៖ ​គណៈមេធាវី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នេះ​ បានបើក​កិច្ច​ប្រជុំ​ពិនិត្យ​អំពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​មេធាវី ​និង​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មេធាវី​របស់​លោក​មេធាវី​ ពុធ​ ធាវី​ តាម​លិខិត​របស់​សាលាដំបូង​ និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​។​ លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​ Fresh News នឹង​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ​ ។

គួរ​បញ្ជាក់​ថា​ សាលាដំបូងខេត្តព្រះសីហនុ នាថ្មីៗនេះ បានដាក់លិខិតជូន ប្រធានគណៈមេធាវីកម្ពុជា ដោយស្នើសុំពិនិត្យករណីបំពានក្រមសីលធម៌ វិជ្ជាជីវៈរបស់មេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសិទកាសែត ជំទាស់នឹងការសម្រេចរបស់ តុលាការនាពេលកន្លងទៅ។

ទោះជាយ៉ាងណា លោក​មេធាវី​ ពុធ​ ធាវី​ អះអាងថា​ លោក​បាន​ពិនិត្យ​ខ្លឹមសារ​លិខិត​របស់​តុលាការ​ខេត្ត​ព្រះសីហនុ​ រួច​ហើយ​ ។​ ហើយ​លោក​ពេញ​ចិត្ត​និង​រីករាយ​ នឹង​ចូល​បំភ្លឺ​ជូន​ក្រុម​ប្រឹក្សា​គណៈ​មេធាវី​ អំពី​ករណី​នេះ​។​ លោក​បានសង្កត់​ធ្ងន់​ថា​ គ្រាន់​តែ​អន្តរាគមន៍​ជូន​កូន​ក្តី​មាន​ទោស​ដែរ​ យើង​ជា​មេធាវី​គួរ​លាលែង​ពី​មេធាវី​ ទៅ​លក់​ត្រី​ងៀត​ លក់​គុយទាវ​តាម​ផ្សារ​វិញ​។

បើតាមលិខិតរប​ស់សាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា ទង្វើរបស់មេធាវី ពុធ ធាវី ទាក់ទងនឹងការធ្វើសន្និសីទកាសែតសាធារណៈ ចោទប្រកាន់ និងវាយប្រហារមកលើស្ថាប័នតុលាការខេត្តព្រះសីហនុ ជុំវិញការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើកូនក្តីឈ្មោះ ឈន ផ្លុំ គឺបានបំពានលើការសំងាត់ វិជ្ជាជីវៈមេធាវី ដូចមានចែងក្នុងមាត្រា៧ នៃក្រមសីលធម៌មេធាវី និងចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដូចមានបញ្ញត្តិនៅក្នុងមាត្រា៣១៤ និងមាត្រា៥២២ នៃក្រមព្រហ្មទណ្ឌ៕