(កំពង់ធំ)៖ ស្ត្រីជាតែកុងរថយន្តម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កដោយការបើកបររថយន្ត HIGHLANDER ល្បឿនលឿន ក្នុងស្ថានភាពងងុយដេក។ ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចវាលសរសៃ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ពួកគេបានឮសម្លេងរថយន្ត បើកបរយ៉ាងលឿនពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ ស្រាប់តែបានលឺសូរសំឡេងរថយន្តជាន់ហ្វ្រាំងអូស ហើយក្រឡាប់ធ្លាក់ចូលទឹកប្រឡាយខាងក្រោមថ្នល់ផ្ងាជើងឡើងលើ បណ្តាលឲ្យស្ត្រីជាអ្នកបើកបរ ឈ្លក់ទឹកចេញពីរថយន្តមិនរួច បង្កឲ្យស្លាប់ក្នុងរថយន្ត។

ប្រភពដដែលបានបន្តថា លុះព្រឹកឡើងថ្ងៃទី២៧ដដែលនោះ គេបានឃើញសមត្ថកិច្ចចរាចរ ស្រុកបារាយណ៍ ចុះវាស់វែង និងពិនត្យលើគំនូស ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ រួចប្រគល់សពស្ត្រីរងគ្រោះ ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យ នៅស្រុកកំណើត។

លោកវរសេនីយត្រី សន តាល់ អធិការរងនគរបាលស្រុកបារាយណ៍ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ រស់ វណ្ណា អាយុ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បើកបររថយន្តម៉ាក HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AE-0453។

បើតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះ បានប្រាប់ថា ស្ត្រីរងគ្រោះបានធ្វើដំណើរ មកពីលេងកូននៅប៉ោយប៉ែត ហើយត្រឡប់មកស្រុកកំណើតវិញ មិនទាន់ដល់ផ្ទះក៏ជួបគ្រោះថ្នាក់។ ចំណែកសាកសព និងរថយន្ត ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យក្រុមគ្រួសារយកទៅជួលជុលខ្លួនឯង។ តាមការសន្និដ្ឋាន ជាបឋមរបស់សមត្ថកិច្ចថា ជនរងគ្រោះទំនងជាបើកលឿន ហើយងោក១ភាំង៕