(ភ្នំពេញ)​៖ លោក​ លឹម​ មករន្ទ​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​ បានសម្រេច​ឃុំ​ខ្លួន​​ឪពុក​ចុង​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ បន្ទាប់​ពី​លោក​ព្រះ​រាជ​អាជ្ញា​រង​ អ៊ុំ សុភក្តី​ ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ​ តាម​មាត្រា​២៤១ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ ពី​៧ឆ្នាំ ​ទៅ​១៥ឆ្នាំ​ ពាក់ព័ន្ធ​ការ​លូក​ម្រាមដៃ​ប្រដាប់​ភេទ​កូន​ស្រី​ចុង​ពីរ​នាក់​ ម្នាក់​អាយុ​៤ឆ្នាំ​ និង​ម្នាក់​ទៀត ​អាយុ​៦ឆ្នាំ​។

មាត្រា​២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ​ឲ្យ​និយមន័យ​បទ​រំលោភ​សេពសន្ថវៈ​ ថា «គ្រប់​អំពើ​បញ្ជូល​អង្គជាតតាម​​បែប​ណា​ក៏ដោយ​​ ​ឬ​អំពើ​អំពើ​បញ្ជូល​ឧបករណ៍​ណាមួយ​ទៅ​ក្នុង​អង្គជាតិ​ ដែល​ប្រព្រឹត្ត​ទៅ​លើ​អ្នក​ដទៃ​ ទោះបី​មាន​ភេទ​ដូច​គ្នា​ ឬ​មិន​ដូច​គ្នា​ក៏​ដោយ​ ដោយ​ការ​ប្រើ​ហិង្សា​ ការ​បង្ខិតបង្ខំ​ ការ​គំរាមកំហែង​ ឬ​ដោយ​ការ​ឆ្មក់​ឱកាស​ គឺ​ជា​បទ​រំលោភ​សេពសន្ថវៈ​»​

ពាក់ព័ន្ធ​ករណី​នេះ​លោក​វរសេនីយ៍ឯក​​ ជឹម​ ស៊ីថា​ អធិការ​នគរបាល​ខណ្ឌ​ដង្កោ​ បានថ្លែង​ថា​ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចរោងកម្មករសំណង់​បុរី​ពិភព​ថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះ​ពីរ​នាក់​ឈ្មោះ ម៉ាត សុខា អាយុ៦ឆ្នាំ និង​ឈ្មោះ ម៉ាត ស្រីណុច អាយុ៤ឆ្នាំ។​ ដោយ​ឡែក​ជនសង្ស័យឈ្មោះ ប៉ុន រុំ អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់បូរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

លោក​វរសេនីយ៍​ឯក​ ជឹម​ ស៊ីថា​ បន្ត​ថា​ ជនសង្ស័យ​ ប៉ុន រុំ ត្រូវ​ជាឪពុកចុងក្មេងស្រីរងគ្រោះទាំងពីរនាក់​ បានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំ លូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះ បណ្តាល​ឲ្យ​ក្មេងស្រីរងគ្រោះទាំងពីរនាក់មានការឈឺចាប់។ ពេលនោះឈ្មោះ ជា សុខលី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ និងជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់​ បានឃើញក៏ជេរ និងស្តីបន្ទោស​ឲ្យ​ជនសង្ស័យ ថា​ «បើឯងមិនស្រឡាញ់ខ្ញុំ កុំធ្វើបាបកូនរបស់ខ្ញុំ»​ រួចក៏មានការឈ្លោះប្រកែកគ្នា​ រវាង​ម្តាយក្មេងស្រីរងគ្រោះ និងជនសង្ស័យ។

ក្រោយ​មក​ឈ្មោះ ជា សំអាន ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ ​បានជិះម៉ូតូ​ ចេញពីផ្ទះស្ថិតនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មកយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់។ ពេលទៅដល់ផ្ទះឈ្មោះ ជា សំអាត បានយកក្មេងស្រីរងគ្រោះទាំង២នាក់ ទៅងូតទឹក​ឲ្យ​ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង២នាក់ ថា​ «មាននរណាលេងប្រដាប់ភេទរបស់ឯងទេ​»? រួចក្មេងស្រីរងគ្រោះទាំង២នាក់ ក៏បានឆ្លើយប្រាប់ឈ្មោះ ជា សំអាន ឲ្យ​ដឹងថានៅពេលប៉ារុំ (ជនសង្ស័យ) ផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំងពីរនាក់រាល់លើក។

រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ជា សំអាន ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យ​កោសល្យវិច័យ ​នៅពេទ្យបង្អែករាជធានីភ្នំពេញ រួច​ទូរស័ព្ទ​ប្រាប់អង្គការ CPU (ស៊ីភីយូ) ឲ្យជួយ​អន្តរាគមន៍​ហើយអង្គការ CPU​ បាននាំឈ្មោះ ជា សំអាន ត្រូវជាអ៊ុបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់​ បានធ្វើជាតំណាង​ឲ្យ​ក្មេងស្រីរគ្រោះ មកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តែម្តង​៕