(ព្រះវិហារ)៖ ស្ថានភាពទឹកជំនន់នៅខេត្តខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ ទឹកស្ទឹងសែនមានកំពស់១៣,០០ម៉ែត្រ លើសកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ បើប្រៀបធៀបកាលពីថ្ងៃម្សិលមិញ កើនឡើង០,១៤ម៉ែត្រ។ ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកស្ទឹងសែន ដែលចាប់ផ្តើមជន់លិចក្រោមផ្ទះប្រជាពលរដ្ឋនៅឃុំទ្រា ស្រុកជ័យសែន។

លោក អ៊ុន ចាន់ដា បានឲ្យដឹងថា «ស្ថានភាពទឹកស្ទឹងសែនថ្ងៃនេះ មានការកើនឡើងខ្ពស់រហូត១៣ម៉ែត្រ ពោលគឺកើនឡើងជាងថ្ងៃម្សិលមិញ០,១៤ម៉ែត្រ។ ប៉ុន្តែស្ថានភាពទឹកជំនន់នៅស្រុកជាំក្សាន្តថ្ងៃនេះ មានការស្រកចុះបណ្តើរៗហើយ»។

លោកអភិបាលខេត្តព្រះវិហារបានបញ្ជាក់ថា «ប៉ុន្តែទោះជាយ៉ាងណា យើងនៅតែត្រៀមលក្ខណៈជានិច្ច ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ។ ដោយសារកំពស់ទឹកស្ទឹងសែន មានការហក់ឡើងខ្ពស់ ថ្ងៃនេះខ្ញុំបានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពទឹកស្ទឹងសែន នៅឃុំពុទ្រា ស្រុកជ័យសែន និងបានចុះពិនិត្យតាមខ្នងផ្ទះ ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ដើម្បីត្រៀមលក្ខណៈជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីកំពស់ទឹកបន្តហក់ឡើង»។

ស្ថានភាពទឹកស្ទឹងសែននៅពេលនេះ ចាប់ផ្តើមជន់លិចចូលក្រោមផ្ទះប្រជាពលរដ្ឋ នៅក្រុងស្រុកជាប់ដងស្ទឹងសែន ប៉ុន្តែមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយ ប៉ុន្តែទោះជាយ៉ាងណា លោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមមូលដ្ឋាន ត្រូវធ្វើការតាមដានកំរិតកំពស់ទឹកឲ្យបានជាប់ជាប្រចាំ ងាយស្រួលក្នុងការជួយសង្រ្គោះ បានទាន់ពេលវេលា ហើយលោកក៏បានណែនាំឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន សូមមានការប្រុងប្រយត្ន័ចំពោះកូនចៅតូចៗ កុំឲ្យចុះលេងទឹកផ្តេសផ្តាសប្រយ័ត្ន មានគ្រោះថ្នាក់ដោយប្រការណាមួយ៕