(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ លើកកម្ពស់ វិស័យសុខុមាលភាពកុមារអោយកាន់តែប្រសើរឡើង ជាពិសេស ការពង្រឹងប្រព័ន្ធកិច្ចការពារកុមារ ឲ្យកាន់តែមានប្រសិទ្ធភាព ជាមួយនឹងការផ្ទេរមុខងារ និងការទទួលខុសត្រូវទៅអោយរដ្ឋបាលថ្នាក់ក្រោមជាតិ។

ការថ្លែងរបស់លោក រដ្ឋមន្រ្តី បានធ្វើឡើង គឺត្រូវបានធ្វើឡើង ក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពី ការប្រគល់មុខងារ គ្រប់គ្រង មណ្ឌលថែទាំកុមាររបស់រដ្ឋ មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល និងមុខងារគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ អោយទៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច។

កម្មវិធីនោះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន អង្គការជាតិ-អន្តរជាតិ ថ្នាក់ដឹកនាំ រាជធានីខេត្ត និងមន្រ្តីរាជការសរុបប្រមាណជិត ៣០០នាក់។

ជាមួយគ្នានោះ រដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការផ្ទេរមុខងារ៣សំខាន់ទៅឲ្យ រដ្ឋាបាលថ្នាក់ក្រោមជាតិ ក្នុងនោះទី១ប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទំាកុមាររបស់រដ្ឋទៅ ឲ្យរដ្ឋបាលរាជធានីខេត្ត ទី២ ប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទំាងកុមាររបស់អង្គការមិន មែនរដ្ឋាភិបាល ទៅឲ្យថ្នាក់រាជធានី ក្រុង ស្រុក និងទី៣ ប្រគល់មុខងារគ្រប់គ្រងសេវាថែទំា កុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ទៅឲ្យរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាល ឃុំ។

លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ការផ្ទេរមុខងារទំាង៣ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលនេះ គឺជារបត់ថ្មីមួយនៃ ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលសំដៅធ្វើឲ្យការផ្តល់ សេវាលើក កម្ពស់សុខមាលភាពកុមារកាន់តែប្រសើរឡើង ជាពិសេសពង្រឹងប្រព័ន្ធកិច្ចការពារកុមារឲ្យមាន ប្រសិទ្ធិភាព។

លោករដ្ឋមន្រ្តី បានអ៖អាងថា ការប្រគល់ភារកិច្ចថ្មីនេះ​ គឺជាការបង្ខិតសេវាគ្រប់គ្រងឲ្យកាន់តែ នៅគៀកគិត ពិសេស ការជួយអន្តរាគមន៍​ បានភា្លមៗនៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងចំពោះកុមារ ខណៈដែលកន្លងមក ក្រសួងបានរកឃើញថាមានមណ្ឌលថែទំាកុមារដែលគ្រប់គ្រងដោយអង្គការមួយចំនួន បានយកកុមារធ្វើអាជីវកម្ម ប្រើប្រាស់អំពើហិង្ស រំលោភ បំពានផ្លូវភេទលើកុមារ និងការជួញដូរកុមារខុសច្បាប់ជាដើម​ជាហេតុធ្វើឲ្យកុមារកាន់ តែរងទុក្ខវេទនាបន្ថែមទៀត។

លោក វង សូត បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ កុមារដែលរងគ្រោះ និងងាយរងគ្រោះ រដ្ឋបាលរាធានី ខេត្ត អាចយកពួកគេទៅក្នុងមណ្ឌលថែទំាបានភ្លាមៗ មិនចាំបាច់រង់ ចាំការសម្រេចពីក្រុមមន្រ្តីជំនាញឬក្រសួងសង្គមកិច្ចទៀតឡើយ។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់បង បានបញ្ជាក់ថា អាជ្ញាធរខេត្តបាត់ដំបងនឹងរៀបចំ យន្តការមួយ ចំនួនទៀតដើម្បីដោះស្រាយបញ្ហាកុមារឲ្យបានល្អប្រសើរបន្ថែមទៀត ខណៈដែលខេត្តនេះធ្លាប់ទទួលបាន បទពិសោធន៍ ក្នុងការអនុវត្តផែនការគ្រប់គ្រងមណ្ឌលទំាកុមារ ទំាងរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ មានរយៈពេលជាង១ឆ្នាំ កន្លងមកនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទំាងប្រទេសកម្ពុជាមានកន្លែងថែទំាកុមារ រហូតដល់៦៣៩កន្លែង ក្នុងនោះមាន មណ្ឌល ដែលគ្រប់គ្រងដោយរដ្ឋមានចំនួន២២កន្លែង ហើយលមានកុមាររស់នៅសរុបទំាងអស់ជាង ៣៦.២០០នាក់នៅតាមបណ្តាខេត្ត៕