(ភ្នំពេញ)៖ ​​នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ អភិបាលខណ្ឌដង្កោ និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺលោក នុត ពុធដារ៉ា បានបន្តដឹកនាំមន្រ្តីក្រោមឱវាទចុះទៅសួរសុខទុក្ខ និងថ្លែងអំណរគុណប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន​សង្កាត់ព្រៃវែង ព្រមទាំងការចុះពិនិត្យមើលផ្លូវបេតុថ្មី និងចាក់បេតុងសាលាបុណ្យភូមិនៅសង្កាត់ព្រៃវែងផងដែរ។

ក្រៅពីការថ្លែងអំណរគុណនោះអភិបាលខណ្ឌ បានសំណេះសំណាលសាកសួរសុខទុក្ខ ស្វែងយល់អំពីតម្រូវការកង្វល់ និងបញ្ហានានារបស់ប្រជាពលរដ្ឋ បន្ថែមទៀត ដើម្បីត្រៀមដោះស្រាយនាពេលខាងមុខកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភការជួសជុលសាលាបុណ្យភូមិត្រពាំងស្វាយ និងចាប់បេតុងទីធ្លាសាលាបុណ្យ ដើម្បីទុកជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិបានប្រើប្រាស់សម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗ និងប្រើប្រាស់នៅពេលមានតម្រូវការនានា។ ក្នុងឱកាសលោកអភិបាល ក៏បានចុះពិនិត្យផ្លូវបេតុងក្នុងភូមិទាំងពីរ ដែលទើបស្ថាបនារួចផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះលោក នុត ពុធដារ៉ា បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពីការរស់នៅប្រចាំរបស់បងប្អូន៕