(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុះក្រោយបំផុត ទៅដល់ដៃរបស់ប្រជាពលរដ្ឋនោះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានទទួលនូវប័ណ្ណសរសើរ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការផ្តល់ប័ណ្ណសរសើរជូនអង្គភាពព័ត៌មាន Fresh News នេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២ ដែលបានរៀបចំធ្វើឡើង​ នៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់។

អង្គភាពព័ត៌មាន Fresh News បានក្លាយជាអង្គភាពព័ត៌មានមួយ ក្នុងចំណោមស្ថាប័នព័ត៌មាន៨ស្ថាប័ន ដែលទទួលបានប័ណ្ណសរសើរពីរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា រួមមាន៖

១៖ អង្គភាពព័ត៌មាន Fresh News, ២៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក), ៣៖ ទូរទស្សន៍បាយ័ន, ៤៖ ទូរទស្សន៍ហង្សមាស, ៥៖ ទូរទស្សន៍អប្សរា, ៦៖ ទូរទស្សន៍ PNN, ៧៖​ ទូរទស្សន៍ CNC & CTN និង ៨៖ គេហទំព័រអគ្គស្នងការនគរបាលជាតិ។

អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបង្ក្រាប និងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា។ តួយ៉ាងចាប់ពីមុនពេល ការបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ រហូតមកដល់បច្ចុប្បន្ននេះ Fresh News បានចុះផ្សាយយ៉ាងទៀងទាត់ជាប្រចាំថ្ងៃ នូវលទ្ធផលនៃការបង្ក្រាបគ្រឿងញៀនខុសច្បាប់។

បន្ថែមលើសពីនេះ រាល់ការបង្ក្រាបគ្រឿងញៀនករណីធំៗ និងសំខាន់ៗ រួមទាំងលទ្ធផលនៃការបង្ក្រាបប្រចាំខែ ប្រចាំត្រីមាស និងឆមាស សកម្មភាពបំពេញការងារមន្ត្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ ក៏ Fresh News បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំទូលាយ សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលអញ្ជើញទទួលប័ណ្ណសរសើរពីគណៈអធិបតី ក្នុងកិច្ចប្រជុំខាងលើបានសម្តែងនូវក្តីរីករាយ ឥតឧបមាចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់នូវការលើកទឹកចិត្ត តាមរយៈការផ្តល់ប័ណ្ណសរសើរជូន អង្គភាពព័ត៌មាន Fresh News នៅពេលនេះ។

នាយកប្រតិបត្តិវ័យក្មេងដដែលរូបនេះ បង្ហាញនូវឆន្ទៈរបស់ខ្លួនថា «ក្នុងនាមអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវប័ណ្ណសរសើរ ដល់អង្គភាពព័ត៌មាន Fresh News នៅពេលនេះ។ Fresh News សូមប្តេជ្ញាថា នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាស់នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌»។

លោក លឹម ជាវុត្ថា បានបន្តបញ្ជាក់យ៉ាងដូច្នេះថា «ប័ណ្ណសរសើរដែល Fresh News ទទួលបាននាពេលនេះ គឺមិនមែនជាកិត្តិយសរបស់ខ្ញុំទេ ប៉ុន្តែវាជាកិត្តិយសរបស់បុគ្គលិកទាំងអស់ដែលបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានប្រមាណជិត១០០នាក់»។

សូមបញ្ជាក់ថា ប័ណ្ណសរសើរពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលនេះ សម្រាប់ផ្នែកសារព័ត៌មានអនឡាញ តែមួយអង្គភាពព័ត៌មាន Fresh News ប៉ុណ្ណោះ ដែលទទួលបាន។

ដោយឡែកថ្មីៗនេះ អង្គភាពព័ត៌មាន Fresh News ទើបទទួលលិខិតសរសើរពីរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានចូលរួមផ្សព្វផ្សាយ នូវកម្មវិធីការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ឆ្នាំ២០១៧។ នៅឆ្នាំ២០១៦ កន្លងទៅ Fresh News ក៏ទទួលបាននូវលិខិតសរសើរពីគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្តេចក្រឡាហោម ស ខេង ជាប្រធាន ក្នុងការចូលរួមផ្សព្វផ្សាយអប់រំ ពីសុវត្ថិភាពចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាប្រចាំថ្ងៃ។

សូមជម្រាបថា Fresh News ជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ដែលបានប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុតទៅកាន់ Mobile ត្រឹមតែមួយនាទីប៉ុណ្ណោះ ទៅកាន់អ្នកប្រើប្រាស់បណ្តាញព័ត៌មានទាំងអស់របស់ Fresh News ទាំង iOS និង Android ដែលមានប្រមាណ១លាននាក់។

ការផ្សព្វផ្សាយព័ត៌មានរបស់ Fresh News រួមមាន៖

១៖ បាញ់បញ្ជូនព័ត៌មានទៅកាន់ App Fresh News នៅលើទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ប្រមាណ១លាននាក់។
២៖ ចេញផ្សាយនៅលើគេហទំព័រ www.freshnewsasia.com ដែលមានចំនួនអ្នកចូលមើលប្រចាំខែ ប្រមាណជាង១០លានដង។
៣៖ បង្ហោះនៅលើ Facebook Fresh News ដែលមានចំនួនជាង២លាននាក់។
៤៖ Fresh News TV ផ្សាយផ្ទាល់ព័ត៌មាន និងព្រឹត្តិការណ៍សំខាន់ៗភ្លាមៗ Live ទៅកាន់ Fresh News, Facebook, Youtube, Website។
៥៖ Fresh News ជាភាសាអង់គ្លេស (English Version) សម្រាប់ពង្រីកព័ត៌មានរបស់កម្ពុជា ទៅកាន់ពិភពលោក៕