(ភ្នំពេញ)៖ បន្ទាប់ពីមានការឆ្លើយឆ្លងគ្នារវាងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ជាមួយក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ពាក់ព័ន្ធនឹងលុយកាកដើម្បីសាងសង់ចេតិយ និងការរៀបចំពិធីផ្សេងៗនោះ ពេលនេះ អង្គភាពព័ត៌មាន Fresh News បានទទួលលិខិតចំហរមួយ ដែលពុទ្ធសាសនិក បានលើកឡើងទៅកាន់ព្រះតេជគុណ ប៊ុត ប៊ុនតិញ។

ខាងក្រោមនេះជាលិខិតចំហរនោះ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

ជាបឋម ខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ! ខ្ញុំព្រះករុណាខ្ញុំ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធ សាសនា កើតនៅលើទឹកដីមួយ ដែលចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

ខ្ញុំព្រះករុណាខ្ញុំពិតជាមានក្តីគោរពដ៏ខ្ពង់ខ្ពស់ដល់ព្រះពុទ្ធសាសនា ដែលមានព្រះសង្ឃគ្រប់ព្រះអង្គជាតំណាង។ ប៉ុន្តែដោយដើរតាមគន្លង ព្រះពុទ្ធឱវាទដែលថា «ត្រូវជឿដោយបញ្ញា» នោះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានក្តីសង្វេគក្នុងចិត្តជាពន់ពេកណាស់ ពេលស្តាប់ឮសង្ឃដីកា របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ឈ្លោះតតាំងជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ក្នុងរឿងអាស្រូវលុយកាក់សម្រាប់ធ្វើបុណ្យ និងសាងសង់ចេតិយឲ្យ លោកបណ្ឌិត កែម ឡី នារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ។

បើទោះបីជាពេលខ្លះ ខ្ញុំព្រះករុណាខ្ញុំសួរខ្លួនឯងថា តើខ្ញុំព្រះករុណាខ្ញុំគួរចាត់ទុកព្រះតេជគុណប៊ុត ប៊ុនតិញថា ជាសង្ឃដែរឬទេ ក៏ដោយចុះ ក៏ខ្ញុំនៅតែតាំងចិត្តហៅព្រះអង្គថាជាព្រះតេជគុណដែរ ពីព្រោះតែព្រះខ្ញុំគោរពស្បង់ចីវពណ៌លឿងទុំ ដែលជាតំណាងឲ្យព្រះពុទ្ធសាសនា ហើយដែលព្រះអង្គ យកទៅគ្រងលើរាងកាយនោះ។ ប៉ុន្តែ ពាក្យសម្តី និងសកម្មភាពជាច្រើន របស់បុគ្គលសង្ឃអង្គនេះ មិនស័ក្តិសមជាអ្នក បួសក្នុងសាសនារបស់ព្រះពុទ្ធឡើយ។

ទី១៖ អ្នកបួសក្នុងព្រះពុទ្ធសាសនា គឺជាអ្នកលះបង់កិលេសដើម្បីស្វែងរកធម៌។ ចុះហេតុអ្វីបានជាព្រះតេជគុណបួសជាសង្ឃបែរជាវង្វេងធម៌ ទៅឈ្លោះតតាំងជាមួយគ្រួសារសពរបស់គេរឿងលុយកាក់បែបនេះទៅវិញ? បើគ្រាន់តែបកស្រាយពន្យល់រឿងយល់ច្រឡំខ្លះប្រហែលជា មិនខុសធម៌វិន័យទេ ប៉ុន្តែការដៀមដាម ប្រមាថគ្រួសារគេថា ជាអ្នកសម្លាប់កិត្តិយស លោកបណ្ឌិត កែម ឡី ហើយថាក្រុមគ្រួសារគេ អាក្រក់ជាង អ្នកសម្លាប់លោកបណ្ឌិតទៅទៀតនោះ តើជាសង្ឃដីការបស់អ្នកបួសក្នុងព្រះពុទ្ធសាសនាដែរឬទេ?

ទី២៖ ជាអ្នកបួសហើយប្រមាថបុណ្យ ប្រមាថសទ្ធាអ្នកដទៃ ដោយកាឡៃឲ្យទៅជារឿងបាបតាមបែបបុរេវិនិច្ឆ័យ ដោយអសុទ្ធចិត្តទៅលើ អ្នកដទៃ។ តើព្រះអង្គស័ក្តិសមជាអ្នកគ្រងស្បង់ពណ៌លឿងទុំ តំណាងឲ្យភាពផូរផង់នៃព្រះពុទ្ធសាសនាដែរឬទេ?

ទី៣៖ ជាអ្នកបួសបែរជាទៅពាក់ព័ន្ធរឿងអាស្រូវលុយកាក់ ហើយចេញមុខបោះមេធ្វើការរៃអង្គាស ប្រកាសធ្វើចេតិយតម្លៃជាង១៧ម៉ឺនដុល្លារជូន លោកបណ្ឌិត កែម ឡី តែទីបំផុតទុកឲ្យផ្នូរលោកបណ្ឌិតស្ថិតនៅក្រោមតង់អស់រយៈពេលមួយឆ្នាំជាងមកហើយ។ លុយកាក់មិនដឹងនៅទីណា។ គ្រួសារសពក៏ជំពាក់លុយគេតាំងពីថ្លៃបបរ និងរោងបុណ្យ និងថ្លៃធ្វើគ្រឹះចេតិយក៏សងគេមិនគ្រប់ផង។ តើនេះឬដែលព្រះតេជគុណថា ជាអ្នកផ្តល់កិត្តិយស ឲ្យលោកបណ្ឌិត កែម ឡី នោះ?  សូមព្រះតេជគុណចងចាំថា ជាធម្មតា គ្រួសារអ្នកណាក៏ដោយ ជាពិសេស ម្តាយ និងប្អូនប្រុសរបស់គេបង្កើត គេពិតជាចង់ឃើញសពរបស់សាច់ញាតិគេត្រូវបាន ទុកដាក់សមរម្យ។ ដូច្នេះការប្រកាសរកជំនួយ និងការទទួលលុយកាក់ពីសប្បុរសជនគ្រប់គ្នាជារឿងធម្មតាក្នុងការធ្វើបុណ្យ។ ហេតុអ្វីក៏សូម្បីតែធ្វើបុណ្យក៏ត្រូវបែងចែកបក្ខពួកដែរ? ទាល់តែក្រុមរបស់ខ្លួន បក្ខពួករបស់ខ្លួនទើបធ្វើបាន ចំណែកអ្នកផ្សេងគេធ្វើមិនបាន ហើយប្រមាថគេទៀត? តើបែបនេះសមជាសង្ឃក្នុងព្រះពុទ្ធសាសនាដែរឬទេ?

ទី៤៖ ព្រះតេជគុណមានថេរៈដីកាថា ធ្វើបុណ្យគេមិនដែលគិតពីខាតចំណេញទេ។ តែព្រះតេជគុណប្រហែលជាភ្លេចថា ធ្វើបុណ្យគេឲ្យបបួលគ្នា ធ្វើជាមួយឲ្យបានច្រើនដើម្បីបានមគ្គផលទាំងអស់គ្នា ហើយបច្ច័យដែលអ្នកផ្សេងចូលបុណ្យនោះ ត្រូវយកទៅចំណាយលើ ថ្លៃបុណ្យ ដើម្បីបានបុណ្យដល់អ្នកមានសទ្ធាដែរ។ ម្យ៉ាងទៀត បើធ្វើបុណ្យខាតលុយកាក់ច្រើន រហូតជំពាក់គេជិតមួយម៉ឺនដុល្លានោះ គ្រួសារសពបានអ្វីសងគេ? ដូច្នេះ គ្នាត្រូវតែអំពាវនាវរកអ្នកមានសទ្ធា ដើម្បីជួយរំលែកការលំបាកនេះហើយ។ ចុះហេតុអ្វីបានជា ព្រះតេជគុណបែរជាចោទគេតាមអំពើចិត្តចឹង?

ទី៥៖ ខ្ញុំព្រះករុណាខ្ញុំបានស្តាប់ព្រះសង្ឃទេសនា ក៏ដូចជាធ្លាប់បានអានសៀវភៅធម៌ខ្លះៗ ហើយបានយល់ឃើញថា ជាបណ្ឌិត ឬជាអ្នកបួស ក្នុងព្រះពុទ្ធសាសនា ត្រូវមានសន្តានចិត្តទូលំទូលាយប្រកបដោយធម៌ មិនត្រូវប្រើសម្តីប្រមាថឡើយ។ ចុះព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលតែងប្រើពាក្យសម្តី ស៊កសៀត ចាក់ដោត ញុះញង់ ប្រមាថ ពេញពេញមាត់បែបនេះ តើសមជាសង្ឃដែរឬទេ?

ក្នុងនាមអ្នកជឿជាក់លើព្រះពុទ្ធសាសនាម្នាក់ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានអារម្មណ៍គួរឲ្យសោកស្តាយខ្លាំងណាស់ ដែលបានឃើញអ្នកបួស ក្នុងព្រះពុទ្ធសាសនាមានកាយ វាចា ចិត្ត ពោរពេញដោយទោសៈបែបនេះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក៏ដោយ ក៏ទង្វើរបស់តេជគុណ ប៊ុន ប៊ុនតិញ ឬព្រះសង្ឃមួយចំនួនទៀតនោះ មិនបានធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំអាក់សទ្ធា ទៅលើព្រះពុទ្ធសាសនាឡើយពីព្រោះ ខ្ញុំជឿលើព្រះពុទ្ធ ហើយព្រះពុទ្ធបរមគ្រូ ព្រះអង្គនៅតែជាទីគោរពសក្ការៈ របស់ប្រជាពុទ្ធបរិស័ទជារៀងដរាប ប៉ុន្តែ អ្នកណាប្រព្រឹត្តខុសឆ្គង អ្នកនោះទទួល កម្មផលដោយខ្លួនឯង ។

ជាទីបញ្ចប់ ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា កម្មផលពិតជាមានមែន ជាពិសេសអ្នកយកស្បង់ចីវពណ៌លឿងទុំតំណាងឲ្យព្រះពុទ្ធសាសនា ទៅលេងសើច ទោះជាដោយមោហាគតិ ឬដោយចេតនាបម្រើមហិច្ឆតាណាមួយរបស់ខ្លួនក៏ដោយ គឺពិតជាមានបាបកម្មធ្ងន់ធ្ងរណាស់។ តាមធម៌ព្រះពុទ្ធ អ្នកបួសជាសង្ឃ ហើយប្រព្រឹត្តមិនត្រឹមត្រូវធ្លាក់នរកច្រើនណាស់ គឺច្រើនរហូតដល់ទៅគ្រាន់តែស្បង់ចីវររបស់ព្រះសង្ឃ ដែលធ្លាក់នរកនោះគរដូចភ្នំ។ ដូច្នេះបើឈប់បានក៏ឈប់ទៅ។ ជាតិក្រោយពិតជាមានមែន ហើយបាបកម្មក៏ពិតជាមានដែរ ហើយជួនកាលបាបកម្មមិនចាំដល់ជាតិក្រោយនោះឡើយ៕

ពីប្រជាពុទ្ធបរិស័ទម្នាក់!