(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ទីរពេទ្យជោរៃភ្នំពេញ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺឈឺក្បាល រួមទាំងផ្តល់ថ្នាំព្យាបាលដោយឥតគិតថ្លៃ ជូនអ្នកជំងឺទៀតផង ដោយមានការពិនិត្យព្យាបាលដោយវេជ្ជបណ្ឌិត​ឯកទេសផ្នែកក្បាល​មកពីប្រទេសវៀតណាមផងដែរ។

បន្ទាប់ពីកម្មវិធីពិនិត្យព្យាបាល ជំងឺដោយឥតគិតថ្លៃប្រចាំខែវគ្គមុន សម្រាប់វគ្គនេះ មន្ទីរពេទ្យជោរៃភ្នំពេញ សហការជាមួយក្រុមហ៊ុនឱសថ DHG pharma បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាកជំងឺឈឺក្បាល ដោយឥតគិតថ្លៃសម្រាប់អ្នកជំងឺថ្មី៥០នាក់ដំបូង ក្នុងរយៈពេល១ថ្ងៃ ដោយវេជ្ជបណ្ឌិត ឡេ ហុង មិញ ឯកទេសព្យាបាលជំងឺឈឺក្បាល មានបទពិសោធន៍ ខ្ពស់ មកពីមន្ទីរពេទ្យជោរៃ ទីក្រុងហូវជីមិញ ប្រទេសវៀតណាម។

លោកវេជ្ជបណ្ឌិត ឡេ ហុង មិញ ឯកទេសព្យាបាលជំងឺឈឺក្បាល បានឲ្យដឹងថា ការឈឺក្បាលបណ្ដាលមកពីកត្តាច្រើនយ៉ាង​ដូចជាកត្តា កន្រ្ដាក់នៃសសៃឈាមខួរក្បាល, បញ្ហាកម្លាំងសាច់ដុំ, ការគិតច្រើន, បណ្ដាលមកពីប្រព័ន្ធសសៃប្រសាទនៃសសៃក​ភ្ញោក​និងបណ្ដាលពីជំងឺលើសឈាមផងដែរ។

លោកបន្ដទៀតថា បញ្ហាឈឺក្បាលនេះយើងចែកជាពីក្រុមធំៗរួមមានទី១, ការប៉ះទង្គិតផ្នែកណាមួយនៃក្បាល និងការឈឺក្បាលដោយ​មិនមានការប៉ះទង្គិច។ មួយវិញទៀត សម្រាប់អ្នកជំងឺឈឺក្បាលដែលមានឈាមហូរតាមច្រមុះនោះ​មិនប្រាកដថា បណ្ដាលមក​ពីការដុះសាច់ក្នុងខួរក្បាលនោះទេ គឺយើងត្រូវពិនិត្យមើលទៅលើបញ្ហាត្រចៀក ច្រមុះ បំពង់ក ឬការឡើងឈាមខ្លាំងព្រោះ​បណ្ដាល​មកពីអាការៈទាំងនេះ។

ការបង្ការកុំឲ្យកើតជំងឺឈឺក្បាល យើងត្រូវផ្លាស់ប្ដូររបបអាហារ, ផ្លាស់ប្ដូរទម្លាប់រស់នៅ ការគេងជាដើម, និងការគិតច្រើន ដើម្បីកុំ​ឲ្យមានបញ្ហាស្រ្ដេសបណ្ដាលឲ្យឈឺក្បាលនោះ ហើយការហាត់ប្រាណគឺជារឿងល្អមួយក្នុងការកាត់បន្ថយការឈឺក្បាល។ នេះ​បើតាមលោក វេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា នេះជាកម្មវិធីមនុស្សធម៌ដ៏មានអត្ថន័យរបស់មន្ទីរពេទ្យជោរៃភ្នំពេញ និងក្រុមហ៊ុនឱសថ DHH pharma ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូនប្រជាជនកម្ពុជា ឲ្យមានឱកាសទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព  ពីសំណាក់វេជ្ជបណ្ឌិតឯកទេសវៀតណាម ដែលមានបទពិសោធន៍ខ្ពស់ រួមជាមួយសម្ភារៈបរិក្ខាពេទ្យទំនើប ដែលមានបំពាក់នៅមន្ទីរពេទ្យជោរៃភ្នំពេញ ។ ជាងនេះទៅទៀត គឺជួយឲ្យប្រជាពលរដ្ឋ យល់តែកាន់តែច្បាស់ពីសារសំខាន់ នៃការថែទាំសុខភាពរបស់ខ្លួន ដើម្បីជ្រើសរើស វិធីព្យាបាល សមស្របបំផុត ។

សូមរំលឹកថា កម្មវិធីពិនិត្យព្យាបាលជំងឺសប្បុរសធម៌ស្រដៀងគ្នានេះ នឹងមានរៀបចំជារៀងរាល់ខែ ជាមួយអ្នកឯកទេសផ្សេងៗគ្នា៕