(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ បានលើកឡើងថា គ្រឿងញៀន គឺជាបញ្ហាសង្គមដ៏រ៉ាំរៃ ជារឿងដ៏ស្មុគស្មាញមួយ ដែលកើនមានឡើងស្ទើរគ្រប់ទីកន្លែង ហើយរហូតមកដល់ពេលនេះ ក្រៅពីការមិនអាចលុបបំបាត់បាន ក៏មានប្រទេសជាច្រើន កំពុងប្រឈមកាន់តែខ្លាំងឡើងលើបញ្ហាមួយនេះ។

ក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល អនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្ត យុទ្ធនាការលើកទី២ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោ ស ខេង បានថ្លែងថា ទោះបីជាការផលិត ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន នៅលើសកលលោក ទាំងក្នុងតំបន់ និងតាមបណ្តាប្រទេសជិតខាង នៅតែមានការកើនឡើង ដោយបានជះឥទ្ធពលមកលើប្រទេសយើងយ៉ាងណាក៏ដោយ តែយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់យើង បានធ្វើ​ឲ្យក្រុមឧក្រិដ្ឋជនទាំងក្នុង និងក្រៅប្រទេសមានការភ័យខ្លាច រហូតបានបន្ថយសកម្មភាពរបស់ខ្លួនគួរឲ្យគត់សំគាល់។ ការខ្លាចរអារ និងការកាត់បន្ថយសកម្មភាពរបស់ក្រុមឧក្រិដ្ឋជនទាំងនោះ ដោយសារតែកម្លាំងសមត្ថកិច្ចរបស់យើងស្រាវជ្រាវ និងប្រមូលនូវព័ត៌មានជាច្រើន រហូតរកឃើញមុខសញ្ញាសំខាន់ៗ ដោយកំណត់ចំគោលដៅ និងទាន់ពេលវេលា។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរឿងនេះ ខ្ញុំចង់ទាញអារម្មណ៍របស់លោក លោកស្រី​ថា អ្វីដែលយើងទទួលបានពិសេស គឺលទ្ធផល នៃការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១នេះ គ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ ក្នុងដំណើការដើម្បីឈានឆ្ពោះ ទៅសម្រេចគោលដៅរបស់យើង គឺទប់ស្កាត់ឲ្យបានទាំងស្រុង នូវការប៉ន់ប៉ង ការផលិត ការចរាចរណ៍ និងការប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀននេះ ដើម្បីការពារសុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជា បង្កបរិយាកាសងាយស្រួលដល់ការអភិវឌ្ឍសង្គមជាតិ របស់យើងឲ្យមានភាពរុងរឿងនាពេលអនាគត»

សម្តេចបានបន្តទៀតថា «យើងកត់សំគាល់ឃើញថា យើងកំពុងតែដើរលើផ្លូវដ៏ត្រឹមត្រូវ ដែលបានទប់ស្កាត់ និងធ្វើឲ្យមានការថយចុះការប្រើប្រាស់គ្រឿងញៀន​ ក៏ដូចជា បានទប់ស្កាត់នូវតម្រូវការក៏ដូចជា បញ្ហាផ្សេងៗទៀត ដែលពាក់ព័ន្ធគ្រឿងញៀនផងដែរ។ ការជួបជុំគ្នានាពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ដើម្បីត្រួតពិនិត្យឡើងវិញ នូវរាល់សកម្មភាពដែលបានអនុវត្ត​នាពេលកន្លងមក»

បើតាមសម្តេចក្រឡាហោម ការគ្រោងថវិកាប្រមាណ១លានដុល្លារ បានជំរុញ និងលើកទឹកចិត្តដល់សមត្ថកិច្ចមានស្នាដៃបង្ក្រាបគ្រឿងញៀនបានជោគជ័យ៕