(ណាននីង, ក្វាងស៊ី, ចិន)៖ អ្នកព័ត៌មានកម្ពុជាមកពីស្ថាប័នផ្សេងៗគ្នាចំនួន ៨នៅកម្ពុជា រួមទាំងអ្នកព័ត៌មាន Fresh News ដឹកនាំដោយលោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានអញ្ជើញបំពេញទស្សនកិច្ចរោង ចក្រផលិតរថភ្លើងមួយកន្លែងស្ថិតនៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី។

លោក អ៊ុក គីមសេង រួមនិងអ្នកព័ត៌មានកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់រោងចក្រផលិតរថភ្លើងនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងរ៉ាក់ទាក់បំផុត។ ក្រុមហ៊ុន CRRC គឺជាក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីមួយនៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលទទួលបានកិច្ចសហការ និងលើកទឹកចិត្តខ្ពស់ពីរដ្ឋាភិបាលចិន ក៏ដូចជាអាជ្ញាធរក្នុងខេត្តក្វាងស៊ី។

រថភ្លើងដែលផលិតក្នុងក្រុមហ៊ុននេះ ក្រៅពីការលក់ចេញទៅក្រៅប្រទេសហើយនោះ ក៏សម្រាប់ប្រើប្រាស់នៅក្នុងស្រុកផងដែរ។ ក្រុមហ៊ុន ក៏មានសាខានៅតាមបណ្តាប្រទេសធំៗមួយចំនួនលើពិភពលោកផងដែរ។

បើតាមអ្នកគ្រប់គ្រង បានគូសបញ្ជាក់ថា ក្រុមហ៊ុននេះផលិតទាំងរថភ្លើងដែលមានល្បឿនលឿន និងល្បឿនធម្មតាង។ ក្នុងមួយឆ្នាំក្រុមហ៊ុនអាចផលិតបានប្រមាណ ២៥ខ្សែ ស្មើ ១៥០ទូ។

ក្រោយបានស្តាប់ការរៀបរាប់របស់ថ្នាក់គ្រប់គ្រងក្រុមហ៊ុន លោក អ៊ុក គីមសេង បានវាយតម្លៃខ្ពស់ភាពរីកចម្រើនរបស់ក្រុមហ៊ុន។ ក្រុមអ្នកព័ត៌មានកម្ពុជា ក៏បានថ្លែងបង្ហាញពីការអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា នាពេលបច្ចុប្បន្ន ព្រមទាំងផ្តល់ទស្សនៈឲ្យក្រុមហ៊ុនសិក្សា និងស្វែងរកទីផ្សារនៅកម្ពុជា ដែលកំពុងអភិវឌ្ឍន៍ការដឹកជញ្ជូនតាមផ្លូវដែក ដែលអាចមានតម្រូវការរថភ្លើង។

ក្រុមអ្នកព័ត៌មាន ក៏ចង់ឃើញក្រុមហ៊ុននេះ ពិចារណាបើករោងចក្រធ្វើគ្រឿងបង្គំរថភ្លើងនៅក្នុងប្រទេសកម្ពុជា ព្រោះកម្ពុជាមានកម្លាំងពលកម្មច្រើន៕