(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ​នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ អនុញ្ញាតិឲ្យលោក សួន វិសាល ប្រធានគណៈមេធាវី ដឹកនាំសមាជិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះ លោក សួន វិសាល បានឲ្យដឹងថា កម្មវត្ថុដែលបានជំនួបប្រាប់សម្ដេចក្រឡាហោម ស ខេង រួមមាន ទី១៖ទាក់ទងលើការងារបណ្ដុះបណ្ដាល, ទី២៖ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវី និងនគរបាលយុត្តិធម៌, ទី៣កិច្ចសហប្រតិបត្តិរវាងគណៈមេធាវី និងពន្ធនាគារ និងទី៤៖ការងារសង្គមគឺការពារជនក្រីក្រ។

លោកបញ្ជាក់ថា​ «សម្ដេចក្រឡាហោម ស ខេង បានទទួលយកសំណើរទាំងអស់នេះ ហើយគណៈមេធាវី នឹងរៀបចំឯកសារជាលាយលក្ខ័អក្សរ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការនេះ មានភាពល្អប្រសើរថែមទៀត»

ប្រធានគណៈមេធាវីបន្ថែមថា មូលហេតុដែលគណៈមេធាវីលើកយកបញ្ហាទាំង៤នេះ មកជំនួបប្រាប់សម្ដេច ស ខេង ដើម្បីតែវាជាកត្តាសំខាន់ សម្រាប់ជួយពង្រឹងដល់រាជរដ្ឋាភិបាល ហើយជាពិសេសពង្រឹងវិជ្ជាជីវៈមេធាវី ព្រោះមេធាវីធ្វើការតែងតែត្រូវការវិស័យទាំងនេះ ដើម្បីឲ្យការងាររបស់ខ្លួនជោគជ័យ៕