(ភ្នំពេញ)៖ គ្រូបរទេសម្នាក់ដែលបង្រៀននៅសាលាអន្តរជាតិ GOLDEN BRIDGE ដែលនាំកូនសិស្សអាយុ៥ឆ្នាំ ទៅរួមភេទដល់ផ្ទះ ត្រូវនគរបាលជំនាញ នៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បានបញ្ជូនខ្លួនទៅដល់តុលាការហើយ ដើម្បីសួរនាំបន្តទៀត ចាត់ការតាមច្បាប់ បន្ទាប់ពីការសួរនាំទៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះរកឃើញថា ជនបរទេសរូបនេះពិតជាបានជាប់ព័ន្ធនឹងបទល្មើសនេះមែន។

មន្ត្រី​តុលាការបាន​ថ្លែង​ថា​ «បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​»

មន្រ្តីជាន់ខ្ពស់ នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «បន្ទាប់ពីសួរនាំទៅ កម្លាំងនគរបាលជំនាញ បានសម្រេចធ្វើការឃាត់ខ្លួន ហើយកាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដោយសាររកឃើញថា ជននេះពិតជាបានជាប់ព័ន្ធ នឹងបទល្មើសនេះមែន»

ជាមួយគ្នានេះ សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស  Daily Mail ក៏បានចេញផ្សាយថែមទាំងបង្ហាញរូបថតរបស់ជនបរទេសរូបនេះផងដែរ។

សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ បានចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសម្នាក់ អាចជាជនជាតិអង់គ្លេស ដែលបង្រៀននៅសាលាអន្ដរជាតិ GOLDEN BRIDGE International School ស្ថិតនៅសាខាខណ្ឌទួលគោក បន្ទាប់ពីបែកធ្លាយរឿងអាស្រូវជនបរទេសរូបនេះ បាននាំក្មេងស្រីជាសិស្ស សាលាអាយុទើប៥ឆ្នាំ នាំទៅរួមភេទដល់ផ្ទះ។

មន្ដ្រីនគរបាលបានប្រាប់ថា ជនសង្ស័យត្រូវបានចាប់ខ្លូន ខណៈពេលចេញពីសាលារៀន ហើយជនបរទេសរូបនេះមានឈ្មោះ Mark Andrew Smith។

ការចុះទៅឃាត់ខ្លួនបុរសជនជាតិបរទេសរូបនេះ បន្ទាប់ពីធ្លាយព័ត៌មាន និងបានបង្ហោះចែកចាយនៅលើបណ្ដាញសង្គម ​Facebook របស់ស្ដ្រីវ័យចំណាស់ម្នាក់ មានគណនីឈ្មោះ «Vriya MC» ដែលបានរៀបរាប់ពីហេតុការណ៍មួយនេះ បន្ទាប់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះបានប្រាប់ទៅស្ដ្រីរូបនេះ ប៉ុន្ដែពួកគេមិនហ៊ានដាក់ពាក្យបណ្ដឹង​ទៅសមត្ថកិច្ច គ្រាន់តែបានទៅជួបជាមួយនាយកសាលាដែលជាជនជាតិខ្មែរ ដើម្បីធ្វើការដោះស្រាយប៉ុណ្ណោះ៕