(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំមួយជាមួយមន្ដ្រីមកពីក្រសួងប្រៃយ៍សណី អភិបាលខណ្ឌទាំង១២ នគរបាល អាវុធហត្ថ និងមន្ដ្រីពាក់ព័ន្ធ ដើម្បីដាក់ផែនការចុះត្រួតពិនិត្យឡើងវិញ នៅតាមទីតាំងបើកណេត ឬ Internet ២៤ម៉ោង ក្នុងមូលដ្ឋានរបស់ខ្លូន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បើសិនរកឃើញថា ទីតាំងខ្លះលួចបង្កប់ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា ក្រោយពិភាក្សាដេញដោលគ្នារួចមក លោកអភិបាលបានប្រាប់ទៅអភិបាលខណ្ឌទាំង១២ ចុះទៅពិនិត្យមើលទីតាំងទាំងនេះ មើលអាជ្ញាប័ណ្ណដែលចេញដោយមន្ទីរ ឬក្រសួងពាក់ព័ន្ធ ហើយបើគ្មានអាជ្ញាប័ណ្ណអនុញ្ញាតទេ ត្រូវបិទតែម្ដង។

ដោយឡែកសម្រាប់ទីតាំងដែលមានច្បាប់ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ប៉ុន្ដែរកឃើញបទល្មើសដោយមានភ័ស្ដុតាងច្បាស់លាស់ ពីការលួចបើកល្បែងស៊ីសងខុសច្បាប់ ត្រូវសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីចុះទៅបិទទីតាំងទាំងនោះ និងរាយការណ៍ទៅមន្ទីរ ឬក្រសួងដែលពាក់ព័ន្ធត្រូវលុបអាជ្ញាប័ណ្ណចេញតែម្ដង។

ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានលើកឡើង ពីអត្ថប្រយោជន៍ចំពោះហាងណេត និង Internet ២៤ម៉ោងទាំងនេះ ដែលបម្រើដល់វិស័យទេសចរណ៍ ពោលទេសចរបរទេស ពួកគាត់យកទីតាំងនេះ ដើម្បីប្រើប្រាស់ ឬឆ្លើយឆ្លងទៅក្រុមគ្រួសារ ហើយក្រុមនិស្សិតខ្លះក៏យកទីតាំងនេះ ដើម្បីធ្វើការស្រាវជ្រាវ ឬសិក្សាបន្ថែម ក៏ប៉ុន្ដែម្ចាស់ទីតាំងមួយចំនួន បានយករូបភាពបើកហាង Internet ទៅបង្កប់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ក៏ដូចជា ចាក់ឆ្នោត ចាក់បាល់ ដែលបញ្ហានេះអាជ្ញាធរ ត្រូវតែមានវិធានការយ៉ាងតឹងរឹងបំផុត។

សូមបញ្ជាក់ថា តាមអាជ្ញាធរមូលដ្ឋានដែលរាយការណ៍ជូនអង្គប្រជុំ ទីតាំងនីមួយៗមានច្បាប់ និងអាជ្ញាប័ណ្ណ ពីក្រសួងប្រៃយសណី ក្រសួងវប្បធម៌ និងក្រសួងព័ត៌មាន ដែលពេលខ្លះពួកគេពិបាកនឹងចាត់វិធានការ។

តាមព័ត៌មានពីមួលដ្ឋានបានឲ្យដឹងថា ទីតាំងហាង Internet ដែលលើកស្លាក ណេត ២៤ម៉ោង ឬ Internet ២៤ម៉ោង បិទទ្វារជិតឈឹងបានលួចបើកល្បែងស៊ីសងខុសច្បាប់ ជាច្រើនប្រភេទ ដូច្នេះគេសង្ឈឹមថាចំណាត់ការរបស់អភិបាលរាជធានីភ្នំពេញនៅពេលនេះ នឹងធ្វើឡើងដោយមានប្រសិទ្ធិភាព៕