(ភ្នំពេញ)៖ បន្ទាប់ពីជំនុំជម្រះនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចថា នឹងប្រកាសសាលក្រមចំពោះសំណុំរឿង លោក គឹម សុខ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ ចំពោះករណីចោទគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម។

សវនាការកាត់ទោស លោក គឹម សុខ នៅថ្ងៃនេះ ដឹកនាំដោយ លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាចៅក្រមជំនុំជម្រះ ហើយមាន លោក សៀង សុខ ជាព្រះរាជអាជ្ញារង។ សវនាការនេះ ធ្វើឡើងនៅចំពោះមុខ ជនជាប់ចោទ ដោយមានមេធាវីដើមបណ្តឹង និងមេធាវីជនជាប់ចោទចូលរួមដែរ។

សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីលោកចូលខ្លួនឆ្លើយបំភ្លឺ ចំពោះករណីចោទគណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី តាមវិទ្យុអាស៊ីសេរី នាពេលកន្លងទៅ។

លោក គឹម សុខ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ចំនួនពីរបទល្មើស គឺញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

បច្ចុប្បន្នលោក គឹម សុខ ដែលកំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស ហើយបរាជ័យក្នុងការស្នើសុំនៅក្រៅឃុំជាបន្តបន្ទាប់នោះ កំពុងនៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីសម្តេចតេជោ ដូចគ្នា គឺពាក់ព័ន្ធករណីលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕