(ភ្នំពេញ)៖ នាយរងប៉ុស្ដិ៍​នគរបាល រដ្ឋបាលសង្កាត់ជ្រោយចង្វារម្នាក់ លោក សាយ សឿង ទទួលផែនសន្ដិសុខ បានរអិលជើងធ្លាក់ចូលក្នុងទឹកទន្លេបាត់មិនដឹងថា ស្លាប់ ឬរស់នោះទេ នៅវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្រោមស្ពានជ្រោយចង្វារត្រើយខាងកើត ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា មុនពេលកើតហេតុបុរសជានាយរងប៉ុស្ដិ៍នេះ បានផឹកស៊ីជាមួយមិត្តភ័ក្រនៅក្រោមស្ពាន ក្រោយមកក៏ងើបដើរទៅប៉ុស្ដិ៍ ប៉ុន្ដែមិនទាន់ដល់ប៉ុស្ដិ៍នោះទេ បុរសនោះបានចុះទៅនោម នៅខាងក្រោមស្ពាន ស្រាប់តែរអិលជើងធ្លាក់ចុះទៅក្រោមតែម្ដង។

នាយប៉ុស្ដិ៍ជ្រោយចង្វារ លោក ចាន់ ប៊ុនធឿន បានបញ្ជាក់ថា ក្រោយធ្លាក់ចុះទៅក្នុងទន្លេជនរងគ្រោះមិនទាន់ងើបវិញនោះទេ ហើយក៏មិនដឹងថាស្លាប់ ឬរស់នោះដែរ ប៉ុន្ដែស្ថានភាពទឹកទន្លេហាក់កំពុងហូរខ្លាំងណាស់ ដោយលោកបានចាត់ឲ្យក្រុមការងារកំពុងរុករក នាយរងប៉ុស្ដិ៍រូបនោះផងដែរ៕