(ភ្នំពេញ)៖ ឆ្លើយតបនឹងស​ង្ឃដីកា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យនោះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ លោក កែម រិទ្ធិសិត ដែលជាប្អូនប្រុសបង្កើតរបស់ លោក កែម ឡី តាមរយៈបណ្តាញព័ត៌មាន Fresh News បានបដិសេធយ៉ាងដាច់អហង្កាថា លោកមិនបានប្រមូលលុយបច្ច័យ បុណ្យសពបងប្រុសទុក ដូចការចោទប្រកាន់ខុសការពិត​របស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ នោះទេ។

ប្រតិកម្មរបស់លោក កែម រិទ្ធិសិត បានធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ប៊ុន ប៊ុនតិញ បានផ្តល់បទសម្ភាសន៍មួយ ជាមួយវិទ្យុអាស៊ីសេរី នាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដែលបានវាយប្រហារទៅលើលោក ពាក់ព័ន្ធនឹងការប្រមូលបច្ច័យបុណ្យសពរបស់ លោកកែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦។

ព្រះតេជគុណ បានមានសង្ឃដីការរៀបរាប់ថា នៅថ្ងៃបុណ្យសពរបស់លោកបណ្ឌិត កែម ឡី នោះ លោក កែម រិទ្ធិសិត បានប្រមូលលុយបច្ច័យយកទៅទុកខ្លួនឯង ដោយមិនបានជូនដំណឹងដល់គណៈកម្មការរៀបចំបុណ្យសពឡើយ។ ព្រះតេជគុណមានសង្ឃដីកាយ៉ាងដូច្នេះថា៖ «នៅពេលហ្នឹងហើយ ដែលក្រុម កែម រិទ្ធិសិត​ មិនសប្បាយចិត្ត នឹងការបង្កើតគណៈកម្មការរាប់បច្ច័យនេះ ហើយក្រុមអត្មា សុំឱ្យតែក្រុម កែម រិទ្ធិសិត នេះ បានលុយប៉ុន្មានត្រូវឱ្យគណៈកម្មការបុណ្យដឹង ហើយលុយអ្នកឯងយកទៅណាយកចុះ ប៉ុន្តែពួកគាត់មិនដែលបានធ្វើរបាយការណ៍ឱ្យទេ លុយហ្នឹងវានៅហ្នឹងគាត់ទាំងស្រុង»

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោក កែម រិទ្ធិសិត បានអះអាងថា អ្វីដែលព្រះតេជគុណចោទលោកបែបនេះ គឺមិនពិតនោះទេ។ លោកបានថ្លែងថា៖ «ខ្ញុំជាគណៈកម្មការជាមួយ ព្រះអង្គ (ប៊ុត ប៊ុនតិញ) ដែរ ប៉ុន្តែខ្ញុំមិនបានប្រមូលលុយទេ។ បើព្រះអង្គថា ខ្ញុំជាអ្នកប្រមូលលុយនេះ គឺខុសធ្ងន់ធ្ងរហើយ»

លោក កែម រិទ្ធិសិត បានអះអាងថា ព្រះអង្គ ប៊ុត ប៊ុនតិញ គឺស្ថិតនៅក្នុងគណៈកម្មការបុណ្យសព ឬបុណ្យ១០០ថ្ងៃ ប៉ុន្តែអ្វីដែលលោក​ធ្លាប់​លើកឡើង គឺលុយដែលខ្មែរនៅបរទេស បានចូលបច្ច័យតាមរយៈគណៈកម្មការរបស់ព្រះតេជគុណ ដែលលុយនេះមិនបាន​មកដល់ក្រុមគ្រួសារ​ដើម្បីធ្វើបុណ្យឡើយ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «បុណ្យ១០០ថ្ងៃ ព្រះអង្គបាននិមន្តទៅស្រុកអាមេរិក រៃអង្គាសលុយដើម្បីធ្វើបុណ្យ១០០ថ្ងៃ ហើយបើព្រះអង្គថា អត់បានកាន់លុយសោះ គឺខុសកន្លែងហ្នឹង»

ពាក់ព័ន្ធនឹងការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ អះអាងថា គណៈកម្មការដែលបង្កើតឡើងនេះ សម្រាប់តែពេលមានពិធីបុណ្យរបស់ លោក កែម ឡី ម្តងៗ ហើយពេលចប់បុណ្យនេះ គណៈកម្មការត្រូវរំសាយដោយមិនពាក់ព័ន្ធនឹងការសាង់សង់ចេតិយនោះ។ លោក កែម រិទ្ធិសិត អះអាងថា មិនដូចការលើកឡើងនេះឡើយ ដោយលោកគូសបញ្ជាក់ថា លោកមានឯកសារគ្រប់គ្រាន់អំពីការបង្កើតគណៈកម្មការនេះដែលថា គណៈកម្មការបានចុះកិច្ចសន្យាតែងតាំង លោកព្រះតេជគុណ ប៊ុត ប៊ុនតិញ, លោក ប៉ា ងួនទៀង និងលោក មឿន តុលា ចូលរួមក្នុងការសាងសង់ចេតិយ និងការទទួលខុសត្រូវផ្សេងទៀតដូចជាការប្រមូលបច្ច័យជាដើម៕