(ស្វាយវៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញមកបដិសេធចំពោះម្ចាស់គណនី Facebook ឈ្មោះ «Kun Thy» ដែលបានបង្ហោះក្នុងគណនី Facebook របស់ខ្លួនថា «មានមនុស្សចាប់ក្មេង បានមកដល់ស្វាយរៀងហើយ នៅក្រុងបាវិត និងបាត់ក្មេង ៥-៦ នាក់...»

បើយោងតាមគណនី Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមបំភ្លឺថា «កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ១១ព្រឹក មានករណីថា មានករណីបាត់ក្មេងប្រុស២នាក់ អាយុ៨ឆ្នាំ នៅសាលាបឋមសិក្សា ហ៊ុន សែន អូវ៉ាង ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង»

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា «ដោយឪពុករបស់ក្មេង មកទទួលកូននៅសាលាដូចសព្វដង ប៉ុន្តែយឺតម៉ោងមិនឃើញកូន ហើយមានការឆោឡោឡើង រួចក៏ប្តឹងទៅសមត្ថកិច្ច។ សមត្ថកិច្ចក៏ចេញមកស្រាវជ្រាវ ជួយតាមរកទើបដឹងថា ក្មេងទាំងពីរ ដើរទៅដល់ផ្ទះដោយខ្លួនឯង»

ក្នុងគណនី Facebook របស់ស្នងការដ្ឋានបានបញ្ជាក់ឲ្យដឹងទៀតថា​ អាស្រ័យដូចបានបញ្ជាក់ជូនខាងលើ នៅក្នុងខេត្តស្វាយរៀង ក៏ដូចជានៅក្នុងក្រុងបាវិត ពុំមានករណីចាប់ក្មេង ដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសបុកឈ្មោះ Facebook Account Name : Kun Thy នោះទេ។

សូមជម្រាបថា បើមានហេតុការណ៍ពាក់ព័ន្ធ និងសន្តិសុខសង្គម ក្នុងខេត្តស្វាយរៀង សូមទាក់ទងមកលេខទូរស័ព្ទ Hotline ទាំង៩ខ្សែនេះ រួមមាន ទី១៖ ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ០៩៧ ៧៧៨០ ០០៧, ទី២៖ ក្រុងស្វាយរៀង ០៩៧ ៧៧៨០ ០៨៥, ទី៣៖ ក្រុងបាវិត ០៩៧ ៧៧៨០ ០៨៦, ទី៤៖ ស្រុកស្វាយជ្រំ ០៩៧ ៧៧៨០ ០៨៧, ទី៥៖ ស្រុកកំពង់រោទ៍ ០៩៧ ៧៧៨០ ០៨៨, ទី៦៖ ស្រុកស្វាយទាប ០៩៧ ៧៧៨០ ០៨៩, ទី៧៖ ស្រុករំដួល ០៩៧ ៧៧៨០ ០៩០, ទី៨៖ ស្រុកចន្ទ្រា ០៩៧ ៧៧៨០ ០៩១ និងទី៩៖ ស្រុករមាសហែក ០៩៧៧ ៧៨០ ០៩២៕