(សៀមរាប)៖ ​ដោយមើលឃើញពីការលំបាក របស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានឲ្យមន្ដ្រីជំនាញស្ថាបនាផ្លូវគ្រួស ក្រហមមួយខ្សែ នៅ​ភូមិរំជ័យច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ហើយនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ លោកបានដឹកនាំក្រុមការងារចុះពិនិត្យដ្ឋាននេះ។

ផ្លូវក្រាលគ្រួសក្រហមនេះ ដែលមានទទឹង​៨ម៉ែត្រ និង​ប្រវែង​១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ចំនុចរហាលព្រួល ស្ថិតក្នុងភូមិរំជ័យច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ដើម្បី​ជួយសម្រូលឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើរដំណើរប្រកបរបរផ្សេងៗ។

ជាមួយគ្នានោះផងដែរ លោកអភិបាលខេត្ត ក៏បានផ្ដល់អាគារសិក្សា​១​ខ្នង ក្នុងភូមិនោះសម្រាប់សាលាបឋមសិក្សា ដើម្បីជួយសម្រួលដល់ក្មេងៗ ក្នុងការធ្វើដំណើរទៅរៀននៅ សាលា ឆ្ងាយពីផ្ទះ និងបានចុះសួរសុខទុក្ខ ព្រមទាំង​ផ្តល់ថវិកា ជូនលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ​១៨០​នាក់ ដោយម្នាក់​២​ម៉ឺនរៀលផងដែរ​។

ក្រៅពីនេះ លោក ឃឹម ប៊ុនសុង បានបន្ដដឹកនាំក្រុមការងារ​ចុះមើលការបង្ក​បង្កើនផល ស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនោះផងដែរ

បន្ថែមពីនេះ លោកអភិបាលខេត្តសៀមរាប ក៏បានបន្ដ​ចុះសំណេះសំណាលអាជីវករ នៅផ្សារកំពង់ក្ដី ​ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែងដំណើរ និងពិនិត្យស្ថានភាពសំណង់ផ្ទះល្វែង សម័យសង្គមរាស្ត្រនិយម ដែលចាស់ទ្រុឌទ្រមខ្លាំងរបស់បងប្អូនដែលស្នើសុំសាងថ្មី។ ជាមួយគ្នានោះដែរ លោក​បានអនុញ្ញាត្តិឲ្យមានការសាងសង់ថ្មី និងជួសជុលក្នុងលំនាំដើមទាំងស្រុងផងដែរ៕