(ភ្នំពេញ)៖ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ប្រចាំខែមិថុនា និងលើកទិសដៅបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ព្រះអង្គថ្នាក់ដឹកនាំពុទ្ធិកសិក្សា ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានីខេត្តប្រមាណ១០០អង្គ-នាក់ នៅទីស្តីការក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ។

កិច្ចប្រជុំនេះក្នុងគោលបំណងផ្សព្វផ្សាយ លទ្ធផលការងារដែលក្រសួង សម្រេចបានក្នុងរយៈកាលកន្លងមក និងដើម្បីពិនិត្យ វាយតម្លៃសកម្មភាពការងារលើចំណុចខ្លាំង ចំណុចខ្សោយ ការលំបាក សំណូមពរ និងលើកទិសដៅការងារសម្រាប់អនុវត្តនាខែបន្ទាប់ ហើយនឹងពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីរួមចំណែកអនុវត្តទិសដៅការងារក្រសួង ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត។

នៅក្នុងកិច្ចប្រជុំខាងលើនេះលោករដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីទាំងអស់ត្រូវខិតខំបំពេញការងារ កាន់តែមានប្រសិទ្ធភាព​ ដើម្បីចូលរួមចំណែកកសាងសង្គមជាតិ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕