(ភ្នំពេញ)៖ ក្រោយទទួលបានការដឹកនាំ យ៉ាងយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១៧ រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ «ពោលរយៈពេល៥ថ្ងៃជាប់គ្នានេះ» លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ បានបន្តដឹកនាំ សហការីជាសមាជិកា សមាជិកា អនុសាខាសមាគមនារីថ្នាក់ខណ្ឌ-សង្កាត់-មេភូមិ-អនុភូមិ ដើម្បីចុះទៅសំណេះ សំណាលសួរសុខទុក្ខ និងធ្វើការស្វែងយល់ពីទុក្ខលំបាក ឫក្ដីកង្វល់នានា ពិសេសសំណូមពរផ្សេងៗ និងនៅតាមមន្ទីរពេទ្យផងដែរ ក្នុងការរិះរកដំណោះស្រាយ រួមទាំងផ្ដល់ជូនទាំងថវិកាជាងក្បែរ១លានរៀល តាមខ្នងផ្ទះប្រជាពលរដ្ឋផ្ទាល់ចំនួន២៣០គ្រួសារ ស្ថិតនៅក្រុម២-ក្រុម៣-ក្រុមទី៤ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ និងជាភរិយាលោក ជា ពិសី អភិបាលខណ្ឌ បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញចំគោលដៅ និងផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា គឺត្រូវឲ្យយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើប្រជាពលរដ្ឋក្រីក្រលំបាក ចាស់ជរាជួបការខ្វះខាត ឫគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងបានឡើយ។

លោកស្រី អាន ផល្លា បន្តថា ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៧ ដោយមើលឃើញពីការលំបាក របស់លោកស្រី ព្រុំ យ៉ាន អាយុ៤៦ឆ្នាំ ដែលមានជម្ងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី លោកស្រីក៍បានពាំនាំថវិកាផ្ទាល់ចំនួន១សែន៥ម៉ឺនរៀល របស់លោក ជា ពិសី ដើម្បីចូលរួមឧបថម្ភជូន ដោយផ្ដល់នូវវប្បធម៌ចែករម្លែកមួយ ក្នុងជួយដោះស្រាយជីវភាពរស់នៅ ប្រចាំថ្ងៃបានមួយចំនួន។

លោកស្រីបន្តថា លើសពីនេះនៅថ្ងៃទី១៨-១៩-២០ និង២១ ខែកក្កដាកន្លងមកនេះ ដោយមានការរួមដំណើរពីសមាជិកាស សមាជិកា សមាគមនារីខណ្ឌ-សង្កាត់-មេភូមិ និងមេក្រុមផងនោះ លោកស្រីបានសម្រេចចុះ ទៅសំណេះសំណាល សួរសុខទុក្ខ ក៍ដូចជាធ្វើការស្វែងយល់ពីទុក្ខលំបាក ឫក្ដីកង្វល់នានា ពិសេសសំណូមពរ ក្នុងការរិះរកដំណោះស្រាយផ្សេងៗមួយចំនួន ជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះបន្ថែមទៀត មានទាំងចាស់ជរា និងអ្នកក្រីក្រីជួបជីវភាពខ្វះខាត ចំនួន២៣០គ្រួសារ និងឆ្លៀតឱកាសចូលរួមឧបត្ថម្ភជាថវិកា ក្នុងនីមួយៗ សរុបទាំងអស់ក្បែរ១លានរៀល៕