(សៀមរាប)៖ របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការប្រើប្រាស់សេវាថែទាំសុខភាព របស់ប្រជាពលរដ្ឋ សម្រាប់រយៈពេល៦ខែដើមឆ្នាំ២០១៧នេះ គិតពីខែមករាដល់ខែមិថុនា នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៅខេត្តសៀមរាប គឺករណីពិនិត្យពិគ្រោះជម្ងឺក្រៅ មានចំនួនសរុប៤៧៦,៨៣២ករណី (ក្នុងនោះករណីថ្មីមានចំនួន ៤៤៥,៣៣៤ករណី) ហើយសម្រាប់ អ្នកជម្ងឺសម្រាក់ព្យាបាលមានចំនួនសរុប ១៧,៧៦៦នាក់ ក្នុងនេះអាត្រាស្លាប់មាន១.៦៣%។

លោកវេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តសៀមរាប នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះថា សម្រាប់រយៈពេល ៦ខែដើមឆ្នាំ២០១៧នេះ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកនៅខេត្តសៀមរាប គឺករណីពិនិត្យពិគ្រោះជម្ងឺក្រៅ មានចំនួនសរុប៤៧៦,៨៣២ករណី។ ការគាំទ្រកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាល និងដៃគូរអភិវឌ្ឍន៍មានចំនួន១០២,១៥៨ករណី។ ទទួលបានការលើកលែង លើការបង់ថ្លៃសេវា តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានចំនួន៤១,៩៧៥ករណី។

លោកបញ្ជាក់ថា សម្រាប់អ្នកជម្ងឺសម្រាក់ព្យាបាល មានចំនួនសរុប ១៧,៧៦៦នាក់ ក្នុងនោះអាត្រាស្លាប់មាន១.៦៣% នៃចំនួនអ្នកជម្ងឺសម្រាប់ព្យាបាលសរុប។ ក្នុងចំនួនសរុបទាំងនេះ គឺប្រជាពលរដ្ឋក្រីក្រ មានការគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ មានចំនួន ៤,២៤៨ករណី ហើយអ្នកទទួលបានការលើកលែងការបង់ថ្លៃសេវា មានចំនួន ៧៣២ករណី។

លោកបញ្ជាក់ទៀតថា មាតាដែលបានមកសម្រាលមាតុភាព មានចំនួនសរុប៦,២៧៥នាក់ គឺដោយរាប់បញ្ចូលទាំងអ្នកប្រើប្រាស់ សេវាសម្រាលបុត្រនៅមណ្ឌលសុខភាព មានចំនួន៥,០៧៧នាក់ ក្នុងនោះ មានប្រជាពលរដ្ឋក្រីក្រ ហើយទទួលបានការគាំទ្រដោយកម្មវិធីមូលនិធិសមធម៌ មានចំនួន៨៦៦នាក់ករណី និងទទួលបានការលើកលែងការបង់ថ្លៃសេវាមានចំនួន ២១៥ករណី ៕