(ភ្នំពេញ)៖ បវរកញ្ញាពិភពលោកប្រចាំឆ្នាំ២០១៦ ជនជាតិអេក្វាឌ័រ កញ្ញា អេនជីឡា បូនី​ឡា​(Angela Bonilla) បានកំពុងធ្វើដំណើរទស្សនកិច្ច នៅក្នុងកម្ពុជា ដែលចាប់ពីថ្ងៃទី១១ ដល់២៥ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​គោល​បំណង ស្វែងយល់អំពីវប្បធម៌ និង​ការអភិវឌ្ឍរបស់កម្ពុជា ហើយនៅថ្ងៃទី២២កក្កដានេះ ក៏បានអញ្ជើញទៅ​ទស្សនា ​និង​ស្វែង​យល់ អំពី​គម្រោង​ខុនដូ ​ឌឹ ហ្គេតវ៉េយ៍(The GATEWAY) ជាគម្រោងអចលនទ្រព្យ​ដ៏ធំនិង​ល្បី​ឈ្មោះ​មួយ។

លោក​ឧកញ្ញ៉ា លី ឃុនថៃ នាយកប្រតិបត្តិរបស់ The Gateway បានថ្លែងថា បវរកញ្ញា​ពិភពលោក ប្រចាំឆ្នាំ២០១៦ មកទស្សនា The Gatewayនេះ គឺចង់​បង្ហាញ​ថា កម្ពុជា​មាន​ការ​អភិវឌ្ឍ​ស្ទើរ​គ្រប់វិស័យ ​ពិសេស​វិស័យ​សំណង់ និង​អចលនទ្រព្យ ហើយកម្ពុជា ​មាន​សមត្ថភាព កសាងអគារខ្ពស់ៗ​មិនចាញ់​បរទេសឡើយ។​ នេះ​ក៏ជាឱកាសមួយបាន​ស្វែងយល់ ​និង​ផ្លាស់ប្តូរវប្បធម៌ ទៅវិញទៅមក រវាងកម្ពុជា​និងអេក្វាឌ័រ។

​លោកឧកញ្ញ៉ាបានគូសបញ្ជាក់ថា`«នេះ ជាមោទនភាព និងកិត្តិយសណាស់ សម្រាប់កម្ពុជា និង The GATEWAY ដែលទទួលវត្តមានបវរកញ្ញាលំដាប់ពិភពលោក ដូច្នេះ​ហើយ តាមរយៈ​វត្ត​មាន​កញ្ញាអេនជីឡា បូនីឡា នាពេលនេះ អាចនឹងជួយទាក់ទាញវិនិយោគិន ឬអតិថិជន ដែល​មិ​ន​ទាន់បានស្គាល់ខុនដូ ឌឹ ហ្គេតវ៉េយ៍ មកចាប់អារម្មណ៍លើគម្រោងនេះ»។

លោកឧកញ៉ា បន្ដថា The Gateway ស្ថិតនៅអគារលេខ៣៦ មហាវិថី​សហ​ព័ន្ធ​រុស្ស៊ី ​ខណ្ឌទួល​គោក រាជធានីភ្នំពេញ ចាប់ផ្តើម​សាង​សង់ និង​អភិវឌ្ឍ ដោយ​ក្រុមហ៊ុន​TACC (C.R) LTD នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦ ក្រោមការបណ្តាក់​ទុន​ រួម​​រវាងអ្នក​វិនិយោគ​កម្ពុជា និងសិង្ហបុរី ដោយម្ចាស់​គម្រោង​​ មានបទ​ពិសោធន៍​ សំណង់ និងអចលទ្រព្យ​ជាង៤០ឆ្នាំ នៅសិង្ហ​បុរី ហើយបច្ចុប្បន្ន​មានឈ្មោះក្នុងបញ្ជី Singapore Stock Exchange ។

The Gateway ត្រូវបាន​ហ៊ុព័ទ្ធ ដោយគម្រោង​អភិវឌ្ឍន៍​សំខាន់ៗផ្សេងៗ ដូចជា ផ្សារទំនើប Parkson ដែលគ្រោងនឹងក្លាយជាផ្សារ​ទំនើប​ឈាន​មុខមួយ, គម្រោងអភិវឌ្ឍនៅលើទីតាំង​បឹងកក់,​​ និង រថភ្លើងល្បឿន​លឿន (MRT) ​ដំបូងគេបំផុត​ នៅកម្ពុជា ដែលនឹងចាប់ផ្តើមសាងសង់ នៅឆ្នាំ២០១៧ និង បើក​​ដំណើរ​ការនៅខែមេសា ឆ្នាំ ២០១៨ខាង​មុខ ហើយ​មាន​ចំណតឡាន​​៧ជាន់ ហាងទំនិញ២ជាន់ អគារលំនៅដ្ឋាន​៣៩​ជាន់ និងអគារការិ​យា​ល័យ​៣៦ជាន់ ដោយមានជាន់លំហ​មេឃ​(Sky Terrace) ចំណ​ត​ឡានក្រោមដី និងបរិក្ខារ​ទូទៅ​ដូច​ជា អាងហែលទឹក បន្ទប់ស្ប៉ា​និង​សូណា បណ្ណាល័យ កន្លែងហាត់កីឡា កន្លែងអាំងសាច់ និង សួនច្បារជាដើម។ ហើយគម្រោងនេះ ផ្តោត​ទៅ​លើ​ទាំង​អតិថិជន ក្នុងស្រុក និងអន្តរជាតិ ដែលភាគច្រើន ជាអ្នកជំនួញ ដោយអតិថិជនអន្តរជាតិ ដែលបានទិញយូនីតរួម​មាន សញ្ជាតិ​សិង្ហបុរី ម៉ាឡេស៊ី ចិន ហុង​កុង តៃវ៉ាន់ ឥណ្ឌូនេស៊ី ស្វីស និង កាណាដា។ ភាគរយ​ច្រើននៃយូនីត​ បានលក់ជូន​អតិថិជន​រួចហើយ តម្លៃ​លំនៅដ្ឋានចាប់​ផ្តើម​ពី ជាង១៥ម៉ឺន​ដុល្លារ និង ការិយាល័យពី ជាង២៥ម៉ឺនដុល្លារឡើងទៅ ៕