(ស្ទឹងត្រែង)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក យិន បញ្ញារិទ្ធ នាយការិយាល័យ «ក៩» និងកម្លាំងនគរបាលខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ បានបើកប្រតិបត្តិការ បង្រ្កាបករណីជួញដូរនូវសារធាតុញៀនឆ្លងដែនដោយខុសច្បាប់ នៅចំណុចតាមផ្លូវលំស្ថិតនៅ ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយចាប់បានមេក្លោងម្នាក់ជាជនជាតិឡាវ ព្រមទាំងដកហូតថ្នាំញៀនប្រមាណ៥គីឡូក្រាមផងដែរ។

លោក យិន បញ្ញារិទ្ធ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅ​មុននេះបន្តិចថា «ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនដ៏ធំនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍សត្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារគ្រឿងញៀន និងលោក ឡឹមក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ»

បើតាមលោក យិន បញ្ញារិទ្ធ «ជាលទ្ធផល យើងបានចាប់ឃាត់ខ្លួនមេក្លោងឈ្មោះ ចាក់លី ចឺតាលី ជនជាតិឡាវ អាយុជាង២២ឆ្នាំ មានស្រុកកំណើតភូមិភៀងគិត ស្រុកវៀងសៃ ខេត្តហួរផាន់ រាជធានីវៀងច័ន្ទ មានទីលំនៅបច្ចុប្បន្នភូមិលាងសងហង ស្រុកសៃថានី រាជធានីវៀងច័ន្ទ ដកហូតថ្នាំញៀនបាន៥កញ្ចប់ធំ ប្រហែល៥គីឡូ»។

នៅរសៀលថ្ងៃដដែលនេះ ជនសង្ស័យរូបនេះ កំពុងធ្វើការសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕