(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត គង់ សន្យា អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងនៅក្នុងពិធីជួបជុំឯកទេសវិទ្យាសាស្រ្ត និងរបកគំហើញបច្ចេកវិទ្យាវេជ្ជសាស្រ្តថ្មីៗ លើកទី៥ នៅមនី្ទរពេទ្យកាល់ម៉ែត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ថា នាពេលបច្ចុប្បន្ននេះ មានប្រពលរដ្ឋជាច្រើននាក់ មានជំនឿទុកចិត្តខ្ពស់លើការផ្តល់ សេវាសុខាភិបាលរបស់មន្ទីរពេទ្យកាល់ម៉ែត ដោយក្នុង០១ថ្ងៃៗ មានពលរដ្ឋជាង៧០០នាក់ មកទទួលសេវាពិនិត្យ និងព្យាបាលក្នុងមន្ទីរពេទ្យ។​ េះ

លោកបានបន្តថា «បច្ចុប្បន្ននេះ មនី្ទរពេទ្យមានបុគ្គលិកបំរើសេវាសុខាភិបាល ប្រមាណជាង២០០នាក់ ក្នុងនោះជាង៨៥%ជាវេជ្ជបណ្ឌិតឯកទេស ដោយភាគច្រើន ទទួលការបណ្តុះបណ្តាលនៅបរទេស និងមានបេសកកម្ម ទៅបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស ជំនាន់ក្រោយ»។

ការជួបជុំគ្នានាពេលនេះ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជា ការជូនដំណឹង រវាងគ្នា និងគ្នាឲ្យស្វែងយល់ ពីគ្នាទៅវិញទៅមកកាន់តែច្បាស់លាស់ ដែលជាលទ្ធផល នៃការសហការរវាងក្រុមគ្រូពេទ្យ ក្នុងមនី្ទរពេទ្យកាន់តែស៊ីជម្រៅឡើង ក្នុងន័យនេះអ្នកដែលទទួលផលនោះ គឺអ្នកជំងឺបានទទួលនូវការផ្តល់សេវាកាន់តែមានគុណភាពឡើង។

វេជ្ជបណ្ឌិត គង់ សន្យា បានបន្ថែមថា «ការជួបគ្នានេះ ជាប្រពៃណីរបស់ក្រុមគ្រូពេទ្យ នៃមនី្ទរពេទ្យកាល់ម៉ែត ដែលធ្វើឡើងក្នុងរយៈពេល០៣ខែម្តង ជាឱកាសមួយក្នុងការដែល ត្រូវរៀនសូត្របន្ត ព្រោះថា នៅក្នុងវិស័យវេជ្ជសាស្រ្ត ការរៀនសូត្របន្តនេះ គឺវាចាំបាច់ណាស់ ដើម្បីបង្កើនចំណេះដឹង»។

លោកថា ព្រោះបច្ចេកទេសវេជ្ជសាស្រ្តមានការវិវត្តន៍យ៉ាងឆាប់រហ័ស នៅក្នុងរយៈពេលចុងក្រោយនេះ ទាមទារឲ្យក្រុមគ្រូពេទ្យទាំងអស់ មានការស្រាវជ្រាវ ស្វែងយល់ ក៏ដូចជាការបណ្តុះបណ្តាលទាំងក្នុង និងក្រៅប្រទេស៕