(ភ្នំពេញ)៖ យុវជនម្នាក់ត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ ខណៈដែលរូបគេ និងមិត្តភ័ក្រម្នាក់ទៀត កំពុងជិះម៉ូតូតាមផ្លូវ ក្នុងភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅវេលាម៉ោង១២៖៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ឆ្ពោះទៅផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិ​តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

យ៉ាងណាក៏ដោយ ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ ពីមូលហេតុពិតបា្រកដថា តើវាជារឿងគំនុំ ឬប្លន់ប្រដាប់អាវុធនោះឡើយ ប៉ុន្ដែក្រោយពេលបាញ់ ជនរងគ្រោះស្លាប់ហើយ ក្រុមជនសង្ស័យដែលមានគ្នា២នាក់ មិនបានយកទ្រព្យសម្បត្តិ និងម៉ូតូរបស់ជនរងគ្រោះនោះឡើយ។

យោងតាមរបាយការណ៍របស់ នគរបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ វ៉ាន់ បញ្ញា អាយុ២០ឆ្នាំ មុខរបរជាមេជាងសំណង ​​និងមិត្តភ័ក្រម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ។

មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភ័ក្រសរុប៧នាក់ ជិះម៉ូតូ៣គ្រឿង ដោយជនរងគ្រោះជិះម៉ូតូម៉ាក MSX អត់បំពុងស៊ីម៉ាំង តែប្រើភ្លើងឡាសែ ជាមួយមិត្តភ័ក្រម្នាក់ទៀត ត្រឡប់មកពីដើរលេងនៅភ្នំពេញ លុះដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក C125 ស៊េរីឆ្នាំ២០១៦ មកពីក្រោយហើយជនដៃដល់ម្នាក់ បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ បណ្ដាលឲ្យជនរងគ្រោះស្លាប់ពេលដែលមិត្តភ័ក្រកំពុងបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ។

មន្ដ្រីនគរបាលឃុំគគីរ ដែលបានចុះទៅសួរនាំដល់ផ្ទះជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះត្រូវខ្មាន់កាំភ្លើងបាញ់ បណ្ដាលឲ្យស្លាប់ពិតមែន ហើយក្រោយធ្វើកោសល្យវិច័យចប់ ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕