(ភ្នំពេញ)៖ អគ្គលេខាធិការគណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ រួមទាំងសមាជិកជាន់ខ្ពស់មួយចំនួនទៀត របស់គណបក្សនេះ បានសម្រេចទៅចុះចូលជាមួយ គណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិវិញ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា សម្រេចផ្តាច់ទំនាក់ទំនងជាមួយគណបក្សខ្មែររួបរួមជាតិ ហើយព្រមានដកសមាជិកគណបក្សនេះ ចេញពីតំណែងនានា នៅក្នុងជួររាជរដ្ឋាភិបាល។

លោក ញ៉េប ប៊ុនជិន អនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា លោក ច័ន្ទ ណូរ៉ា អគ្គលេខាធិការ គណបក្សខ្មែររួបរួមជាតិ និង សមាជិកជាន់ខ្ពស់គណបក្សនេះ បានមកចូលរួមជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិចវិញ ហើយពួកគាត់ ក៏បានចូលរួម ដង្ហែសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង ទៅពិនិត្យព្រះរាជសុខភាព នៅប្រទេសបារាំផងដែរ។

លោក ញ៉េប ប៊ុនជិន បានបន្តទៀតថា ថ្នាក់ដឹកនាំកំពូលរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងប្រជុំគ្នានៅសប្តាហ៍ក្រោយ ដើម្បីរៀបចំពិធីទទួលយក សមាជិកជាន់ខ្ពស់ ដែលមកពីគណបក្សខ្មែររួបរួមជាតិទាំងអស់នោះ។ លោកថា គណបក្សហ៊្វុនស៊ិនប៉ិច មានគោលនយោបាយបង្រួបបង្រួម អ្នករាជានិយម ហើយបើកទ្វារស្វាគមន៍ចំពោះអ្នកដែលចង់ចូលរួមជាមួយគណបក្សនេះជានិច្ច ជាពិសេសអតីតកូនចៅដែលបែកទៅតាម លោក ញឹក ប៊ុនឆៃ កន្លងមក។

សូមបញ្ជាក់ថា នាថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដកហូតតំណែងនានារបស់ សមាជិកគណបក្សខ្មែររួបរួមជាតិជាបន្តបន្ទាប់ ក្រោយពេលដែលមានព័ត៌មានថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សនេះ ដែលធ្លាប់ជាដៃគូរបស់គណបក្សកាន់អំណាច ទៅមានទំនាក់ទំនងជាមួយគណបក្សប្រឆាំង។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា បានសម្រេចផ្តាច់ទំនាក់ទំនងជាមួយ គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃហើយ ដោយសារតែមេដឹកនាំគណបក្សនេះ ទាក់ទងគណបក្សប្រឆាំង។ លោកបានព្រមានថា សមាជិករបស់គណបក្សខ្មែររួបរួមជាតិទាំងអស់ ដែលស្ថិតនៅក្នុងជួររាជរដ្ឋាភិបាល ក៏ត្រូវដកចេញពីតំណែងជាបន្តបន្ទាប់ដែរ។

លោក ញឹក ប៊ុនឆៃ ក៏ត្រូវបានរាជរដ្ឋាភិបាល ដកចេញពីតំណែងទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី ផងដែរ៕