(ភ្នំពេញ)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យប្រជាពលរដ្ឋ ធ្វើការប្រុងប្រយ័ត្ន ចំពោះការរៀបចំមង្គលការកូនប្រុស-កូនស្រី ដោយជៀងវាងការសម្តែង នូវរបាំមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ពិធី រៀបចំអាពាហ៍ពិពាហ៍ នាំក្តីសេចក្តីអពមង្គលដល់ពិធី។

ការលើកឡើងបែបនេះ របស់លោកស្រី ភឿង សកុណា ធ្វើឡើងនាឱកាសដែលលោកស្រី បានអញ្ជើញចូលរួម ក្នុងពិព័រណ៍អាពាហ៍ពិពាហ៍ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ នាជម្ឈមណ្ឌល និងពិព័រណ៍កោះពេជ្រ។

លោកស្រី ភឿង សកុណា បានឲ្យដឹងថា «យើងគួរតែមានការប្រុងប្រយ័ត្ន ចំពោះការរៀបចំកម្មវិធីមួយចំនួន ជួនការយើងប្រើប្រាស់ឱកាស ក្នុងពិធីមង្គលការទៅជារឿងកំប្លុកកំប្លែង, សូមប្រុងប្រយ័ត្នចំពោះការកំប្លុកកំប្លែងនេះ ពីព្រោះថា ​មង្គលការ គឺជាថ្ងៃមង្គល របាំងមួយចំនួនមិនគួរប្រើទេក្នុងពិធីមង្គលការ ព្រោះរបាំងមួយខ្លះ គឺជារបាំងរបស់ព្រះឥសូរ របាំងរបស់អាទិទេព ដែលមិនអាចប្រើក្នុងពីធីមង្គលការ បាននោះទេ»។

លោកស្រីបញ្ជាក់ទៀតថា «របាំងខ្លះគេធ្វើដើម្បីឧទ្ទិស ទៅដល់ព្រះអាទិទេព មួយវិញទៀតបើយើងប្រើប្រាស់ ពេលវេលាអា​ពាហ៍ពិពាហ៍នេះ ទៅជារឿងកំប្លុកកំប្លែង ហើយរឿងអាសអាភាស ក៏មិនមែនជាការល្អ ក្នុងពីធីមង្គលការនោះទេ។...ពិធីខ្លះមិនមែនមានជាលទ្ធផលល្អទេដល់កូនចៅ ហើយពិធីខ្លះទៀត​ គឺនាំរឿងអពមង្គលថែមទៀតផង។ សូមកុំគិតថា ឲ្យតែមានលុយ ឲ្យតែរបស់ថ្លៃសុទ្ធតែល្អ គឺមិនមែននោះទេ ត្រូវយល់ឲ្យច្បាស់ពី​អត្ថន័យ និងអត្ថរស នៃការរៀបអាពាហ៍ពិពាហ៍នេះ»។

សម្រាប់ពិព័រណ៍អាពាហ៍ពិពាហ៍ មានការតាំងបង្ហាញពីក្រុមហ៊ុនផ្នែកសេវាកម្ម និងផ្គត់ផ្គងសម្ភារៈអាពាហ៍ពិពាហ៍
ប្រមាណ​ជាង៥០ក្រុមហ៊ុន រួមមាន៖ សេវាកម្មថតរូប វីដេអូ មុនថ្ងៃអាពាហ៍ពិពាហ៍ Live video សេវាកម្មថតរូបនៅក្រៅប្រទេស ស៊ុមរូបថតទំនើប សំអាងការ និងពិធីការ ផ្កា និងសេវាតុបតែង ហាងនំ Cake សម្លៀកបំពាក់មង្គការរ សណ្ឋាគារ គ្រឿងសង្ហារឹម ម្ហូបអាហារ ក្រុមភ្លេង ក្រុមតុបតែងទឹកបាញ់ក្នុងកម្មវិធី រថយន្ដ ធនាគារ ហិរញ្ញត្ថុ បង់រំលោះ កម្ចី និងសេវាថែទាំសុខភាពជាដើម។

លើសពីនេះក៏មានការដើរបង្ហាញម៉ូដសម្លៀកបំពាក់ សម្រាប់ចូលរួមពិធីមង្គការ និងការសម្ដែងកម្មវិធីសំខាន់ៗមួយចំនួនទៀត ដូចជាពិធីចូលម្លប់ ពិធីបុកលល័ក្ខ របាំអអប្សារា របាំងពិណ្យអង្គរ និងការប្រគុំភ្លេងបែបប្រពៃណីផងដែរ។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុនអនុស្សា ដែលជាអ្នករៀបចំកម្មវីធីពិព័រណ៍អាពាហ៍ពិពាហ៍នេះ បានថ្លែងបញ្ជាក់ថា កត្តាដែលជម្រុញឲ្យមានការរៀបចំកម្មវិធីនេះឡើង គឺដើម្បីអនាគតគូស្វាមីភរិយាថ្មី ដែលមានគម្រោងរៀបមង្គការ នាពេលខាងមុខនេះ ទទួលបានគំនិតល្អៗស្ដីពីការរៀបមង្គលការ យល់ដឹងពីរបៀបក្នុងការជ្រើសរើស សម្ភារៈ និងអ្នកផ្គត់ផ្គង់សេវា​មង្គការ ទទួលបានការប្រឹក្សាយោបល់ពីការដេគ័រឆាក ការតុបតែងកន្លែងថតរូបអនុស្សាវីរីយ៍ និងការដេគ័រនៅមុខក្លោងទ្វាជាដើម។

លោកបញ្ជាក់ទៀតថា ពិព័រណ៍នេះនឹងក្លាយជាទីកន្លែងមួយ ដែលបង្កភាពងាយស្រួល និងកាត់បន្ថយ ភាពស្មុគស្មាញដល់អ្នកមាន​ គម្រោងរៀបអាពាហ៍ពិពាហ៍ទាំងអស់ ទទួលបានមង្គលការដល់អស្ចារ្យ ចំណេញថវិកា និងពេលវេលាផងដែរ៕