(ត្បូងឃ្មុំ)៖ ឧត្តមសេនីយ៍ពាក់ផ្កាយ១ នៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ធ្វើការឃាត់ខ្លួនបន្ទាប់ពីមន្ដ្រីនគរបាលរូបនេះ បានរងការចោទប្រកាន់ថា ទៅកាប់ដើមឈើនៅក្នុងដីរបស់សាច់ញាតិលោកឧកញ៉ា ម៉ក់ គឹមហុង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ ប៉ែន រ័ត្ន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះថា លោកឧត្តមសេនីយ៍ផ្កាយ១រូបនេះ ត្រូវបានសមត្ថកិច្ចរបស់លោក ពិតជាឃាត់ខ្លួនមែនបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ចាស់ដី។

បើតាមលោកស្នងការ ដីរបស់លោកឧត្តមសេនីយ៍រូបនេះ នៅជាប់ដីរបស់ដើមបណ្ដឹង ហើយលោកឧត្តមសេនីយ៍ក៏បានចូលទៅកាប់ ដោយហេតុផលថា ដើមឈើទាំងនោះ ទោទៅលើរបងដីរបស់គាត់ ប៉ុន្ដែគាត់ធ្លាប់បានកាប់ដើមឈើរបស់គេ២ដងហើយ កាលពីពេលកន្លងទៅ តែភាគីម្ចាស់ដីមិនបានប្តឹង។

យ៉ាងណាក៏ដោយ លោកស្នងការអះអាងថា ក្រោយពីធ្វើការសួរនាំ និងមានការសម្របសម្រួលរវាងភាគីទាំង២ផងនោះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ក៏បានអនុញ្ញាតិឲ្យត្រឡប់ទៅវិញ។

បើតាមការលួចបង្ហើបពីសមត្ថកិច្ចម្នាក់ បានឲ្យដឹងថា បន្ទាប់ពីមានការឃាត់ខ្លួន មន្រ្តីន​គរបាលផ្កាយ១រូបនេះ ក៏មានអន្តរាគមន៍ពីមេដឹកនាំជាន់ខ្ពស់មួយចំនួនផងដែរ ហើយក៏បានរិះគន់ទៅលើចំណាត់ការរបស់លោកព្រះរាជអាជ្ញា ដែលបានបញ្ជាឲ្យសមត្ថកិច្ច ចុះទៅឃាត់ខ្លួន នេះមានអន្តរាគមន៍ពីថ្នាក់ដឹកនាំកំពូល បើប្រជាពលរដ្ឋវិញ ច្បាស់ជាត្រូវជាប់ពន្ធនាគារជាក់ជាមិនខានឡើយ។

មន្ដ្រីនគរបាលរូបនេះ មានឈ្មោះ ណន ប៉ុន្ដែមិនដឹងមានតួនាទីអ្វីនៅក្នុងអង្គភាពរាជបណ្ឌិត្យសភានគរបាលកម្ពុជានោះឡើយ៕