(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ អនុញ្ញាតិឲ្យលោក ​Paul Donovan ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៅរដ្ឋ Queenlands Australia ដឹកនាំប្រតិភូជួបពិភាក្សា និងប្រឹក្សាយោបល់ នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧។

ក្នុងជំនួបពិភាក្សា និងប្រឹក្សាយោបល់ លោកបណ្ឌិត ថោង ខុន ​បានស្វាគមន៍លោក Paul Donovan ជាប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៅរដ្ឋ Queenlands Australia និងប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចស្វែងយល់ពីសភាព​ការណ៍នៅកម្ពុជា និងបានជម្រាបជូនអំពីសក្តានុពលទេសចរណ៍កម្ពុជា គោលនយោបាយអភិវឌ្ឍ ជាពិសេសយុទ្ធសាស្ត្រទាក់ទាញទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជា។

ជាការឆ្លើយតប លោក Paul Donovan បានកោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដែលក្នុងនោះ វិស័យទេសចរណ៍ ក៏មានការរីកលូតលាស់ល្អគួរឲ្យកត់សំគាល់ ពិសេសការរីកចម្រើនខាងសម្បទារទេសចណ៍ ជាអាទិ៍ សណ្ឋាគារ ភោជនីយដ្ឋានប្រណិតៗ។

លោក​ក៏បានលើកឡើងថា នៅ Gold Cost Queensland Australia ជាទឹកដីដែលស្រស់ស្អាត ហើយក៏មានការអភិវឌ្ឍន៏ផ្នែកសម្បទាទេសចរណ៍ល្អសំបូរបែប តែមិនទាន់ទាក់ទាញទេសចរបានច្រើននៅឡើយ ពិសេសទេសចរចិន ដែលលោកសុំឲ្យកម្ពុជាជួយចែករំលែកបទពិសោធន៍ដល់ប្រតិភូ Queenslands​។ ការត្រៀមទទួលទេសចរចិន ជានិន្នាការបច្ចប្បន្នដែលពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់ ហើយទេសចរចិននឹងមានចំនួនកាន់តែច្រើន ប្រមាណជាង ២០០លាននាក់ នៅឆ្នាំ២០២០ ហើយទេសចរចិន ជាទេសចរដែលមានចំណាយច្រើន។ លោកបានបញ្ជាក់ទៀត ថាកម្ពុជាធ្វើត្រូវ និងសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំផែនការ និងយុទ្ធសាស្ត្រច្បាស់លាស់ដែលប្រតិភូ Queenslands គួររៀនសូត្រតាម។

ជាការបញ្ជាក់ពីឆន្ទៈ ក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈទស្សនកិច្ចដកស្រង់បទពិសោធន៍ រវាងកម្ពុជា និងរដ្ឋ Queenslands ហើយក៏មានបំណងឲ្យមានទស្សនកិច្ចរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទៅកាន់រដ្ឋ Queenslands និងជំនួបជាមួយនាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Queenslands ផងដែរ៕