(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយពន្យល់ពីដំណើរការនីតិវិធី ចាត់ការលើសំណុំរឿងមួយ ពាក់ព័ន្ធមេ និងកូនតុងទីន ជាច្រើននាក់ បាននាំគ្នាទៅស្រែករិះគន់នៅមុខតុលាការ ដោយសារតែពួកគេ មិនពេញចិត្តចំពោះ ចៅក្រមអនុញ្ញាតឲ្យស្ត្រីជាកូនតុងទីនម្នាក់ នៅក្រៅឃុំ ដោយពួកគេបានចោទប្រកាន់ថា ស៊ីដាច់លុយជាង២៦ម៉ឺនដុល្លារ។

យោងតាមសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា​ «រឿងនេះ ពាក់ព័ន្ធនឹងករណីរបស់កូនតុងទីន ដែលតុលាការត្រូវដំណើរការ នីតិវិធីឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ លើភស្តុតាងមួយចំនួនទៀត ដើម្បីកំណត់ធាតុផ្សំបទល្មើសព្រហ្មទណ្ឌ ហេតុនេះចៅក្រមស៊ើបសួរ បានសម្រេចមិនឃុំខ្លួន ជនត្រូវចោទ ហើយសម្រេចដាក់ជនត្រូវចោទ ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ និងបន្តចំណាត់ការតាមនីតិវិធី»។

សេចក្តីថ្លែងការណ៍ ក៏បានលើកឡើងថា ចំពោះការស្រែកបំពងសំឡេង ការបំផ្លិចបំផ្លាញទ្រព្យ និងកេណ្ឌកម្លាំង គ្នីគ្នាមកតវ៉ានៅមុខតុលាការពុំមែនជាវិធីដោះស្រាយ ដែលអាចស្វែងរកការពិតបានទេ គប្បីគូភាគីបន្តដោះស្រាយតាមច្បាប់ និងនីតិវិធីជាធរមាន។ ជាមួយគ្នានេះ សាលាដំបូងរាជធានីភ្នំពេញ និងអនុវត្តសមត្ថកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ម៉ត់ចត់ និងតម្លាភាពដើម្បីដោះស្រាយករណីនេះ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

គួរ​បញ្ជាក់​ថា​ អ្នកលេង​តុងទីនប្រមាណ១០០​នាក់ បាន​មក​តវ៉ា​មុខសាលាដំបូងរាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៧​ ​បន្ទាប់ពី​លោក សាន សុផាត ចៅក្រម​ស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ សម្រេច​អនុញ្ញាតឲ្យ​ស្ត្រី​ឈ្មោះ​ ឆាយ​ គឹម​ហួយ​ នៅក្រោឃុំ តែនឹងធ្វើការតាមដានបន្តទៀត។

ស្ត្រី​ឈ្មោះ ម៉េង សុខ​ហៀ​ង តំណាង​អ្នកលេង​តុងទីន​ បាន​រៀបរាប់​ថា ស្ត្រី​ឆបោក​ រូប​នេះ​បាន​ចុះឈ្មោះលេង​តុងទីន ក្នុង​មាន​ខ្សែ​ទី​១-តម្លៃ៣០០​ដុល្លារ ចុះឈ្មោះ​លេង​ប្រាំ​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន៤០.៥០០ ដុល្លារ , ខ្សែរ​ទី​២-​តម្លៃ ២០០​ដុល្លារ ចុះឈ្មោះ​លេង​ចំនួន ប្រាំ​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន ៦២០.០០ដុល្លារ , ខ្សែរ​ទី​៣- តម្លៃ៥០ដុល្លារ ចុះឈ្មោះ​លេង ចំនួន​ប្រាំ​ក្បាល ស្មើនឹង​ប្រាក់ ចំនួន៧៥០ដុល្លារ, ខ្សែ​ទី​៤- តម្លៃ១០ដុល្លារ ចុះឈ្មោះ​លេង​ចំនួន២០​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន៤៨.៨០០ដុល្លារ. ខ្សែ​ទី​៥-​តម្លៃ ១០​ដុល្លារ ចុះឈ្មោះ​លេង ចំនួន១៥​ក្បាល ស្មើនឹង​ទឹកប្រាក់ ចំនួន ៧០.៣០០​ដុល្លារ និង​ខ្សែ​ទី​៦-​តម្លៃ ប្រាំ​ម៉ឺន​រៀល ចុះឈ្មោះ​លេង ចំនួន ១០​ក្បាល ស្មើនឹង​ទឹកប្រាក់ ៤៣.២៥០ ដុល្លារ​។​

​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុង​ពាក់កណ្តាល ឆ្នាំ​២០១៦ ស្ត្រី​ឈ្មោះ ម៉េង សុខ​ហៀ​ង បានរៀបចំ​ប្រមូលគ្នា លេង​តុងទីន ក្នង​ឈ្មោះ ឆាយ គឹម​ហួយ បាន​សុំ​ចុះឈ្មោះ​លេង រួម​លេង​តុងទីន​ចំនួន៦​ខ្សែ ដោយ​ដាក់ឈ្មោះ ខ្មោច​ជាច្រើន​នាក់ បន្ទាប់មកបាន​ដេញ​យក​ទាំងអស់ រួច​មិន​ទទួលខុសត្រូវ ដែលមាន​ទឹកប្រាក់ សរុប​ប្រមាណ ២៦៥.៦០០ ដុល្លារ ទើប​ប្តឹង​ទៅកាន់ នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ រហូតដល់​ការឃាត់ខ្លួន នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​រឿង​ដោះលែង ជា​ឆន្ទា​នុ​សិទ្ធិ​របស់​តុលាការ​។

សូមអានខ្លឹមសារលំអិត នៅក្នុងសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ខាងក្រោមនេះ៖