(ភ្នំពេញ)៖ ខណៈដែលរដូវទឹកឡើងបានឈានចូលមកដល់នោះ លោក ជា ពិសី អភិបាលខណ្ឌ និងជាប្រធានគណៈកម្មការគ្រោះមហន្តរាយខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីមួយចំនួន ជិះទូកតាមដងទន្លេសាប ដើម្បីត្រួតពិនិត្យឲ្យទាន់ពេលវេលា លើផលបះពាល់នានា និងធ្វើការស្វែងយល់ពីតម្រូវការ ចាំបាច់នានា ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋចំនួន២ភូមិ ស្ថិតក្នុងភូមិខ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយមានការរួមដំណើរពីមន្ត្រីចំណុះជំនាញជុំវិញខណ្ឌ ដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

អភិបាលខណ្ឌលោក ជា ពិសី បានថ្លែងថា ដោយសារតែរដូវទឹកឡើង បានឈានចូលមកដល់ ហើយនៅថ្ងៃសៅរ៍នេះ គឺជាថ្ងៃចុងសប្ដាហ៍ ជាថ្ងៃដែលត្រូវសម្រាកផងដែរ លោក និងក្រុមការងារ បាននាំគ្នាជិះទូកតាមដងទន្លេ ដើម្បីស្វែងយល់ ពីការរស់នៅប្រកបរបរទទួលទាន និងការដាំដំណាំផ្សេងៗ ឬចិញ្ចឹមសត្វជាដើមរបស់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេសាប ដែលបាននិងកំពុងទទួលរងនូវការលេចលង់ អាចមានផលប៉ះពាល់ ពេលនោះអាជ្ញាធរត្រៀមធ្វើការដោះស្រាយជូនតាមតម្រូវការកជាក់ស្តែង។

លោកបានបញ្ជាក់ថា «ចាំបាច់ យើងត្រូវស្វែងយល់ឲ្យស៊ីជម្រៅ ជាមួយប្រជាពលរដ្ឋ តើមានអ្វីខ្លះ ដែលជាតម្រូវការចាំបាច់? ដើម្បីរិះរកដំណោះស្រាយជូនឲ្យទាន់ពេលវេលា ក្នុងការអនុវត្តតាមអនុសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាដាច់ខាត មិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់បាយឡើយ»៕