(ភ្នំពេញ)៖ បន្ទាប់ពីបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ នាយករងសាលាបឋមសិក្សាវាលស្បូវ ពាក់ព័ន្ធករណីបៀតបៀន​កេរ្តិ៍​ខ្មាស​លើសិស្ស​ស្រីខ្លួនឯង អាយុ១៤ឆ្នាំនោះ ត្រូវបានព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ ឲ្យបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅវិញ ដោយរង់ចាំរសៀលទើបធ្វើការសួរនាំ។ ​

មន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh Newsថា មូលហេតុដែលព្រះរាជអាជ្ញា​ ឲ្យបញ្ជូនជនសង្ស័យនេះត្រឡប់ទៅវិញ ក៏ព្រោះតែព្រះរាជអាជ្ញាជាប់រវល់ រង់ចាំពេលថ្ងៃរសៀល បញ្ជូនត្រឡប់មកវិញដើម្បីបន្តការសួរនាំទៀត។

លោក​ ម៉ៅ​ សឿត​ អធិការ​រង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ ថ្លែង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ Fresh News នៅ​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៧​នេះ​ថា​ ពេលនេះ​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​នៅ​ឡើយ​ ដើម្បី​រង់ចាំ​ការ​សម្រេច​របស់​លោក​ សេង​ ហៀង​ ដែល​ជា​ព្រះ​រាជ​អាជ្ញា​រង​កាន់សំណុំរឿងនេះ។

នាយក​រង​សាលា​បឋម​សិក្សា​រូប​នេះ​ ឈ្មោះ​ ឡុង សុខ អាយុ៥០ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ កាលពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ នៅ​ចំណុច​ទីចាត់ការ​សាលា​បឋម​សិក្សា​វាលស្បូវ​ ភូមិ​តាអុក​ សង្កាត់​វាលស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។

ក្មេង​ស្រី​រងគ្រោះ​បាននិយាយ​ថា​ មុន​ពេល​កើត​ហេតុ​គឺថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០១៧​ ក្មេង​ស្រី​និងមិត្តភក្តិ នាំគ្នាទៅលេងក្នុងទីចាត់ការរបស់​ជន​សង្ស័យ​។ ពេលនោះជនសង្ស័យបានប្រលែងលេងជាមួយកុមារី រងគ្រោះនិងមិត្តភក្តិ។ បន្ទាប់មកមិត្តភក្តិ​ខ្លួន ​បានចេញទៅលេងខាងក្រៅ ស្រាប់តែជនសង្ស័យបន្លំចាប់ច្របាច់​ដោះ​ ហើយ​ក្មេង​ស្រី​រងគ្រោះ​ បាន​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​ បាន​ប្រាប់​អ្នក​មើល​ថែ​អង្គការ​សមាគម​ទឹកដីសន្យា។

បើតាមសមត្ថកិច្ច នៅ​ដំណាក់កាល​នេះ ​ជនសង្ស័យ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ​ ដោយ​អះអាង​ថា​ បាន​ត្រឹម​តែ​ប្រឡែង​លេង​ធម្មតា​ប៉ុណ្ណោះ៕