(កំពង់ស្ពឺ)៖ ករណីក្មេងស្រីសិស្ស​សាលាបឋមសិក្សាអង្គលំទង ស្ថិតនៅភូមិព្រែតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ដែលត្រូវបានស្ដ្រីម្នាក់ ចាប់ខ្លួនទៅបាត់ហើយ ជំរិតទារប្រាក់ពីឪពុកម្ដាយ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នោះ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ហើយឈានទៅដល់ការចាប់ខ្លួនបានហើយ នៅទីរួមខេត្តកំពង់ឆ្នាំង។

មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា ជនសង្ស័យត្រូវបានចាប់ខ្លួន ខណៈទៅបើកលុយ ដែលជំរិតពីឪពុកម្ដាយក្មេងស្រីរងគ្រោះចំនួន៤,០០០ដុល្លារ នៅទីភ្នាក់ងារវីងមួយកន្លែង ស្ថិតនៅម្ដុំផ្សារលើ ទីរួមខេត្តកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ចជនសង្ស័យឈ្មោះ ហេង សុខលី អាយុ៣៨ឆ្នាំ រស់នៅភូមិកន្ទោក ខណ្ឌពោធិ៍សែនជ័យ ដែលស្ដ្រីរូបនេះ បានចាប់ក្មេងស្រីរងគ្រោះ ឈ្មោះ ម៉ុក ចាន់រស្មី អាយុ៨ឆ្នាំ ហើយជំរិតទារប្រាក់ពីឪពុកម្ដាយក្មេងស្រី ចំនួន៤,០០០ដុល្លារ។

នៅពេលនេះស្ដ្រីសង្ស័យត្រូវបាននាំខ្លួន យកទៅសួរនាំនៅនាយកដ្ឋាន ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកក្មេងស្រីរងគ្រោះក៏ត្រូវបានសមត្ថកិច្ច ទាក់ទងទៅក្រុមគ្រួសារមកទទួលយកផងដែរ៕

សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីក្មេងស្រីអាយុ៨ឆ្នាំម្នាក់ បានបាត់ខ្លួនចេញពី សាលាបឋមសិក្សាអង្គលំទង ស្ថិតនៅភូមិព្រែតាមួច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ក្មេងស្រីម្នាក់ឈ្មោះ ម៉ុក ចាន់រស្មី អាយុ៨ឆ្នាំ រៀនថ្នាក់ទី២ មានទីលំនៅភូមិឃុំខាងលើ ឪពុកឈ្មោះ ម៉េង អោក និងម្ដាយឈ្មោះ ភី សោភា។

ក្រោយកើតហេតុភ្លាមៗ​កម្លាំងនគរបាលនាយកដ្ឋានកណ្តាលសន្តិសុខផ្ទៃក្នុង បានចុះទៅសួរនាំ និងធ្វើការស៊ើបអង្កេត ហើយសហការជាមួយកម្លាំងនគរបាលពាក់ព័ន្ធ ក៏ឈានទៅដល់ការចាប់ខ្លួនជនសង្ស័យនៅថ្ងៃនេះតែម្តង។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ដំបូងគេឃើញមានស្រ្ដីម្នាក់ បានទៅពរក្មេងរងគ្រោះចេញពីសាលារៀន ឡើងរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាក មានរូបភាពជាប់រថយន្ដដូចជាកសិករស្ទូងស្រូវ នៅផ្នែកខាងក្រោយ ដោយឮប្រាប់ក្មេងស្រីថា «ម៉ែឯងឲ្យមកហៅ»។ លុះដល់ម៉ោង១២៖៣០នាទី ដោយសារហួសម៉ោងចេញពីរៀន តែមិនឃើញកូនមកផ្ទះ ទើបឪពុកម្ដាយចាប់ផ្ដើមឆោឡោនាំគ្នាមករកដល់សាលារៀន សួរគេឯងទើបដឹងថាបាត់កូន។

សូមជម្រាបថា នាពេលថ្មីៗនេះ នាយកដ្ឋានកណ្ដាលសន្ដិសុខ នៃក្រសួងមហាផ្ទៃ បានប្រកាសលេខទូរស័ព្ទចំនួន២ខ្សែ សម្រាប់បងប្អូនប្រជាពលរដ្ឋណាដែលដឹងរឿង ឬក៏ជនរងគ្រោះជាមាតាបិតា អាណាព្យាបាលផ្ទាល់ ក្នុងករណីបាត់ក្មេង សូមរាយការណ៍ជាបន្ទាន់ទៅលេខទូរស័ព្ទរបស់នាយកដ្ឋាន រួមមាន៖ 031 201 2345 , 031 601 23 45 ដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេលវេលា និងស្វែងរកក្រុមជនអនាមិកនោះមកផ្តន្ទាទោសតាមច្បាប់៕