(ភ្នំពេញ)៖ រហូតមកដល់វេលាម៉ោង១១៖៥០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក យ៉េត ចរិយា បាននិងកំពុងសួរនាំ លោកឧកញ៉ា សុខ ហេង និងបក្ខពួកពាក់ព័ន្ធរឿងដីធ្លី ដែលត្រូវបានគេចោទប្រកាន់ថា ក្លែងឯកសារ និងបោះបង្គោលរំលោភដីរបស់គេ នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញម្នាក់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា នៅពេលនេះលោកព្រះរាជអាជ្ញា យ៉េត ចរិយា កំពុងតែសួរនាំលោកឧកញ៉ា សុខ ហេង និងបក្ខពួករបស់គាត់ប្រមាណ៥-៦នាក់ ដោយសួរនាំនៅក្នុងបន្ទប់របស់លោកតែម្ដង មិនទាន់ចប់នៅឡើយទេ។

សូមបញ្ជាក់ថា កាលពីម្សិលមិញកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនលោកឧកញ៉ា សុខ ហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែក្រោយការសាកសួរក៏បានបញ្ជូន ទៅកាន់ទីបញ្ជាការដ្ឋានអាវុធហត្ថ លុះព្រឹកនេះបានបញ្ជូនមកម្ដងទៀត ហើយក៏ត្រូវព្រះរាជអាជ្ញា យ៉េត ចរិយា ធ្វើការសួរនាំផ្ទាល់ តើពិតជាបានពាក់ព័ន្ធនឹងករណីរំលោភយកដីគេ ឬមួយយ៉ាងណានោះ?

តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅសាលាដំបូងរាជធានីភ្នំពេញ គេសង្កេតឃើញមានវត្តមានមេធាវីរបស់ ឧកញ៉ា សុខ ហេង និងមេធាវីរបស់ដើមបណ្ដឹងដែលប្ដឹងលោកឧកញ៉ា។

ជាមួយគ្នានេះ តាមការលួចបង្ហើបអ្នកដែលដឹងរឿងវិវាទដីធ្លីមួយនេះ ក៏បានឲ្យដឹងផងដែរថា មន្ដ្រីមួយចំនួននៅខណ្ឌព្រែកព្នៅ ក៏ជាប់ពាក់ព័ន្ធទៅនឹងឧកញ៉ា សុខ ហេង ផងដែរ។

សូមបញ្ជាក់ថា កម្លាំងកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនឧកញ៉ា សុខ ហេង នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ឧកញ៉ា សុខ ហេង អាយុ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕