(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងយុវ​ជន ​ដែលចូលរួមថែរក្សាការពារសន្តិភាពឲ្យបានរឹងមាំស្ថិតស្ថេរគង់វង្ស។ សារថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះ បានបង្ហោះនៅលើ Facebook របស់សម្តេចអមជាមួយរូបភាពមួយសន្លឹកជាមួយភរិយារបស់សម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេលកំពុងឈរនៅឆ្នេរសមុទ្រ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «រីករាយថ្ងៃចុងសប្តាហ៍! កម្ពុជាមានមោទនៈភាព​ចំពោះសុខសន្តិភាព និងវឌ្ឍនៈភាព​របស់ប្រទេសជាតិសព្វថ្ងៃ។ អរគុណបងប្អូនប្រជាពលរដ្ឋ និងយុវ​ជន​ដែលចូលរួមថែរក្សាការពារសន្តិភាពអោយបានរឹងមាំស្ថិតស្ថេរគង់វង្ស»

ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីកម្ពូជា ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជិតឆ្ងាយ ក្នុងថ្ងៃចុងសប្តាហ៍នេះ មានសុខសុវត្ថិភាព និងបានសប្បាយរីករាយ ជាមួយក្រុមគ្រួសារ និង ជួបតែសំណាងល្អគ្រប់ៗគ្នា៕