(បាងកក)៖ រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពលើគម្រោងបង្កើតមជ្ឈមណ្ឌលគាំពារពលករមួយ សម្រាប់ទទួលពលករដែលរងគ្រោះដោយសារការជួញដូរ ពីកម្ពុជាទៅថៃ ដើម្បីជួយប្រឹក្សាយោបល់ណែនាំពួកគេ កុំឱ្យចាញ់បោកមេខ្យល់តទៅទៀត ហើយភាគីថៃក៏អាចបញ្ជូនពួកគេមកកម្ពុជាវិញ តាមរយៈមជ្ឈមណ្ឌលនេះដែរ។

ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក អាឌុល សែងស៊ីកែវ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខមនុស្សជាតិ នៃប្រទេសថៃ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី សំដៅលុបបំបាត់ការជួញដូរមនុស្ស និងការពង្រឹងការអនុវត្តលក្ខខណ្ឌការងារ និងការការពារពលករកម្ពុជាដែលស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

ក្រៅពីការ​ឯកភាពលើគម្រោងបង្កើតមជ្ឈមណ្ឌលគាំពារពលករខាងលើ ភាគីទាំងពីរក៏បានប្ដេជ្ញាគ្នាលុបបំបាត់អំពើជួញដូរមនុស្ស និងទប់ស្កាត់ការនាំពលករខ្មែរទៅធ្វើការខុសច្បាប់ផងដែរ ដោយលោក អ៉ិត សំហេង ចាត់ទុកពលករខ្មែរទាំងនោះ ជាជនរងគ្រោះដែលត្រូវបានគេជួញដូរ ហើយគួរតែមានការគាំពារ សង្រោះ និងផ្តល់សេវា។ មួយវិញទៀត ប្រពន្ធកូនដែលទៅជាមួយពលករខ្មែរផងនោះ ក៏ត្រូវតែមានការគាំពារ ផ្តល់សេវាអប់រំ និងសេវាសុខាភិបាលដល់ពួកគេ។

ភាគីទាំងពីរបានលើកឡើងពីការពង្រឹងការអនុវត្តផែនការសកម្មភាព ដំណាក់កាលទី១ (២០១៦-២០១៨) ដែលបានឯកភាពគ្នាកាលពីថ្ងៃ២៦-២៨ ខែមេសា ឆ្នាំ២០១៦ ក្នុងនោះមានផែនការជាអាទិភាពចំនួន៦ រួមមាន៖

១៖ យន្តការដើម្បីអនុវត្តផែនការសកម្មភាព
២៖ ការវិភាគស្ថានភាព និងការវាយតម្លៃលើត្រូវការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៣៖ កិច្ចសហប្រតិបត្តិការផ្នែកវិធានការទប់ស្កាត់
៤៖ កិច្ចសហប្រតិបត្តិការផ្នែកកិច្ចការពារជនរងគ្រោះដោយសារការជួញដូរ
៥៖ កិច្ចសហប្រតិបត្តិការផ្នែកការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះ
៦៖ កិច្ចសហប្រតិបត្តិការនៅក្នុងការបង្រ្កាបការជួញដូរមនុស្ស

លោករដ្ឋមន្រ្តីបានថ្លែងទៅកាន់ភាគីថៃថា ពលករកម្ពុជាដែលបម្រើការងារនៅប្រទេសថៃ បច្ចុប្បន្នមានជាង ១,០៥០,០០០នាក់ ក្នុងនោះជាង៧០ម៉ឺននាក់ មានភាពស្របច្បាប់ហើយ ប្រមាណ៣០ម៉ឺននាក់ទៀត មិនទាន់មានភាពស្របច្បាប់នៅឡើយ។

តបទៅនឹងភាគីកម្ពុជា លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសង្គមថៃ បានទទួលយក និងឯកភាពនឹងការលើកឡើងរបស់ភាគីកម្ពុជា ហើយលោកនឹងបន្តឆន្ទៈអនុវត្តខ្លឹមសារអនុស្សរណៈ ដែលបានចុះកិច្ចព្រមព្រៀងគ្នាកន្លងមក។ ជាក់ស្តែងថ្មីៗនេះ ភាគីថៃបានដោះស្រាយបញ្ហាជួញដូរមនុស្សបានជាង ១០០ករណី ហើយរឹបអូសទ្រព្យសម្បត្តិបានជាង ៧៩០លានបាត និងកាត់ទោសឱ្យជាប់គុកលើមន្ត្រី និងអ្នកនយោបាយរបស់ខ្លួន ដែលបានប្រព្រឹត្តបទល្មើសនេះប្រមាណ ១៣០នាក់ ផងដែរ៕