(បាងកក)៖ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ការរំលោភបំពាន និងដើម្បីការពារសិទ្ធិ ផលប្រយោជន៍ពលករ ក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់កំហិតឲ្យក្រុមហ៊ុនជ្រើសរើស និងគ្រប់គ្រងពលករទៅធ្វើការនៅក្រៅប្រទេសទាំងអស់ អនុវត្តការងារស្របទៅតាមនីតិវិធីច្បាប់កម្ពុជា និងប្រទេសទទួលពលករ ដោយសារឃើញស្រាប់ហើយ ប្រទេសថៃ ដែលមានពលករខ្មែររស់នៅ និងធ្វើការច្រើននោះ បាននិងកំពុងរឹតបន្តឹងច្បាប់របស់គេ។

ការណែនាំក្រើនរំឭកសារជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយក្រោមវត្តមាន លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ជាមួយតំណាងទីភ្នាក់ងារជ្រើសរើសពលករឯកជន ប្រចាំប្រទេសថៃ នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក នថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហារសើបមួយចំនួន ដែលទាក់ទងទៅនឹងពលករខ្មែរនៅប្រទេសថៃ ជាពិសេសពលករខុសច្បាប់ ដោយអាជ្ញាធរថៃបានកែទម្រង់ច្បាប់រឹតបន្តឹងដល់និយោជក និងកម្មករខុសច្បាប់។ បញ្ហានាំឲ្យពលករ និងក្រុមគ្រួសាររបស់ពលករមានការព្រួយបារម្ភខ្លាំង ចំពោះសុវត្ថិភាព និងជីវភាពរបស់ពួកគាត់ ជាពិសេសការបណ្តេញចេញពលករខុសច្បាប់ពីប្រទេសថៃ ដែលធ្លាប់បានកើតឡើងម្តងរួចមកហើយ កាលពីឆ្នាំ២០១៤។

លោករដ្ឋមន្រ្តីបានជំរុញឱ្យក្រុមហ៊ុននាំពលករមកធ្វើការនៅប្រទេសថៃទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ជៀសវាងការប្រព្រឹត្តអំពើល្មើសច្បាប់ផ្សេងៗរបស់ប្រទេសថៃ ដែលនាំទៅដល់ការចាប់ខ្លួនបញ្ជូនទៅកម្ពុជាវិញ។ ទន្ទឹមនោះ ក្រសួងនឹងចាត់វិធានការតឹងរឹង ចំពោះក្រុមហ៊ុនណាដែលអនុវត្តខុសច្បាប់ ឬប្រព្រឹត្តអំពើផ្សេងៗប៉ះពាល់ដល់ផលប្រយោជន៍ពលករ។

បន្ទាប់ពីកិច្ចប្រជុំនៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ លោក អ៊ិត សំហេង បានអញ្ជើញពិនិត្យមើលសកម្មភាពនៃការផ្តល់លិខិតឆ្លងដែន និងឯកសារស្របច្បាប់ផ្សេងៗជូនដល់ពលករកម្ពុជា នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក។

សូមជម្រាបថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ មានចំនួន ១,០៥០,០០០នាក់ ក្នុងចំណោមពលករទាំងនោះ មានពលករជាង៧០ម៉ឺននាក់ ជាពលករស្របច្បាប់ ខណៈដែលជាង៣០ម៉ឺននាក់ទៀត នៅពុំទាន់មានភាពស្របច្បាប់នៅឡើយ៕